រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង

  • 63
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៣កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត របស់សាខាកាកបាតក្រហមកម្ពុជា ខេត្តបាត់ដំបង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី អនុប្រធាន សមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការ អនុសាខាក្រុងស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។


បន្ទាប់ពីបានស្ដាប់របាយការណ៍ស្ដីពីលទ្ធផលការងារដែលបានសម្រេចប្រចាំឆមាសទី១ ឆ្នាំ២០២២រួចមក ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការសាខាទាំងមូល និងមន្ត្រីក្រុមប្រតិបត្តិ អនុសាខាដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការជំរុញសកម្មភាព និងសម្រេចបានលទ្ធផល គួរឱ្យកត់សំគាល់ ។ ឯកឧត្តមបានមានប្រសាសន៍ណែនាំអំពីវិធានការមួយចំនួន ជាអាទិ៍ ត្រូវពិនិត្យ និងត្រៀមគ្រប់លទ្ធភាព ទាំងកម្លាំង មធ្យោបាយ ថវិកា និងសម្ភារៈ ដើម្បីជួយអន្តរាគមន៍ ឆ្លើយតបទាន់ពេលវេលា ដល់ជនងាយរងគ្រោះ ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ កើតឡើងភ្លាមៗ ដោយមិនត្រូវទុកឱ្យមានការរ៉ាំរ៉ៃយូរឡើយ ។


ឯកឧត្តមបានបញ្ជាក់ផងដែរថា ទន្ទឹមនឹងនេះ ត្រូវបន្តចុះយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអប់រំទប់ស្កាត់ការឆ្លងនៃជំងឺរាតត្បាតនានា ទាំងជំងឺគ្រុនឈីក គ្រុនឈាម រួមទាំងជំងឺកូវីដ-១៩ តាមមូលដ្ឋាន ភូមិ ឃុំ ស្រុក និងត្រូវបង្កើនការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមឱ្យកាន់តែទូលំទូលាយ អំពីសកម្មភាព បេសសកកម្មដែលសាខាកំពុងអនុវត្ត ក៏ដូចជាការផ្សព្វផ្សាយអប់រំបញ្ហានានាដែលកើតមាននៅក្នុងសង្គម ព្រោះសាខាកាកបាទក្រហមកម្ពុជាមិនត្រូវតែរួមចំណែកក្នុងការងារមនុស្សធម៌តែមួយមុខទេ តែការងារសង្គមការផ្សព្វផ្សាយក៏ជាភារកិច្ចចាំបាច់របស់កាកបាទក្រហមកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងខេត្តមានការយល់ដឹងផងដែរ ។

ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានណែនាំដល់អភិបាលក្រុងស្រុក ដែលជាប្រធាន និងអនុប្រធាន គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជានៅតាមក្រុងស្រុកទាំង១៤ ត្រូវតែចុះជាប្រចាំ និងស្រាវជ្រាវរកអ្នកដែលមានការខ្វះខាត ឬត្រូវការជំនួយ ដោយមិនត្រូវទុកជនរងគ្រោះទាំងនោះយូរឡើយ ធ្វើយ៉ាងណាត្រូវគឺត្រូវសង្រ្គោះពួកគាត់ឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមលក្ខណៈឱ្យហើយក្នុងការជួយសង្រ្គោះក្នុងរដូវកាលភ្លៀងធ្លាក់នេះ ខ្លាចមានបញ្ហាគ្រោះធម្មជាតិកើតឡើងជាយថាហេតុ ៕

អត្ថបទទាក់ទង