រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ កាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង

  • 463
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៤រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣ នៅភូមិសាស្រ្ដស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។


នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលស្រុក និងមេឃុំដែលពាក់ព័ន្ធ ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ការកាត់ឆ្វៀលដីព្រៃលិចទឹកតំបន់២ និងតំបន់៣នេះ គឺធ្វើឡើងដល់ប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្ដែង អាស្រ័យផលយូរឆ្នាំតាមគោលការណ៍កំណត់របស់រាជរដ្ឋាភិបាលកន្លងមក មិនរាប់អ្នកទើបតែកាន់កាប់ត្រឹមតែ២ឬ៣ឆ្នាំនោះទេ ហើយការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនេះគឺមិនថាប្រជាពលរដ្ឋ ឬមន្រ្ដីរាជការ ឬកងកម្លាំងប្រដាប់អាវុធណាក៏ដោយ ក៏អាចកាត់ឆ្វៀលជូនគាត់បានផងដែរ ក៏ប៉ុន្តែបើសិនជាមានអ្នកមានអំណាចណាដែលទើបតែកាន់កាប់បានមួយរយៈពេលខ្លី ហើយទាមទារចង់បានដីតំបន់២ ឬតំបន់៣ជាកម្មសិទ្ធិរបស់ខ្លួននោះ គឺមិនអាចដាច់ខាត ហើយបើសិនជាមានការតវ៉ា ឬប្រើប្រាស់អំណាចរបស់ខ្លួន គំរាមកំហែង ជេរប្រមាតមកមន្រ្ដីសាធារណៈដែលជាអ្នកអនុវត្តច្បាប់ នឹងត្រូវប្រឈមមុខនឹងនីតិវិធីនៃច្បាប់ ។


ឯកឧត្តម បានធ្វើការក្រើនរំលឹកដល់ក្រុមការងារ អាជ្ញាធរ ត្រូវពន្លឿនធ្វើកិច្ចការនេះឱ្យបានឆាប់រហ័ស ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីទុកឱកាសដល់ប្រជាពលរដ្ឋបានធ្វើការដាំដុះដំណាំកសិកម្មបានទាន់ពេលវេលា ដោយត្រូវប្រកាន់ជំហរច្បាស់លាស់ មានឯកសារត្រឹមត្រូវ និងប្រកបដោយសុក្រិតភាព ក្នុងន័យដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋផង និងដើម្បីផលប្រយោជន៍របស់រដ្ឋផងដែរ ៕


អត្ថបទទាក់ទង