នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំអំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ និងចំណតរថយន្តក្នុងក្រុងបាត់ដំបង នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង មន្រ្ដីរាជការសាលាខេត្ត និងប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងអំពីការរៀបចំសណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ និងចំណតរថយន្ត ថាគោលបំណងនៃកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យមានការយល់ដឹងជាមុនសិន អំពីការរៀបចំសោភ័ណភាព សណ្ដាប់ធ្នាប់ ការរៀបចំសំយ៉ាបផ្ទះ មុននឹងឱ្យប្រជាពលរដ្ឋចូលរួមជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការចូលរួមរៀបចំសំយ៉ាបផ្ទះទៅតាមប្លង់គំរូរបស់រដ្ឋបាលខេត្ត ពិសេសផ្ទះប្រជាពលរដ្ឋតំបន់អភិរក្សផ្ទះបុរាណ ក្នុងគោលបំណងតែមួយគត់គឺដើម្បីទាក់ទាញផលប្រយោជន៍មកនូវ ភ្ញៀវទេសចរមកទស្សនាកំសាន្ត បង្កើនចំណូលប្រជាពលរដ្ឋ ។
ឯកឧត្តមបានបន្តទៀតថា ពាក់ព័ន្ធនឹងការរៀបចំសណ្ដាប់ធ្នាប់ ឯកឧត្តម សុខ លូ បានធ្វើការណែនាំដល់រដ្ឋបាលក្រុងពិនិត្យមើល ដោះស្រាយសំណង់អាណាធិបតេយ្យ ដែលមាននៅក្នុងក្រុងបាត់ដំបង ដើម្បីធ្វើការរៀបចំប្រជាពលរដ្ឋដែលរស់នៅសំណង់អាណាធិបតេយ្យទៅកន្លែងផ្សេងដែលមានការរៀបចំជូនពួកគាត់ឱ្យមានរបៀបរៀបរយ បើពុំដូចនោះទេ ក្រុងបាត់ដំបង នឹងក្លាយជាទីក្រុងសំបូរទៅសំណង់អាណាធិបតេយ្យ បង្កភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ពេញទីក្រុង ។
ឯកឧត្តមបានបន្តទៀតថា ចំពោះការរៀបចំសំយ៉ាបផ្ទះ ការរៀបចំសណ្ដាប់ធ្នាប់នេះ ឯកឧត្តមក៏បានធ្វើការណែនាំបន្តដល់រដ្ឋបាលក្រុងក្នុងការរៀបចំមន្រ្ដីជំនាញដែលយល់ដឹងច្បាស់ ធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ តាមរយៈការធ្វើសិក្ខាសាលាផ្សព្វផ្សាយ ផ្សព្វផ្សាយតាមខ្នងផ្ទះ អំពីគោលបំណងនៃការរៀបចំសណ្ដប់ធ្នាប់ និងសំយ៉ាបផ្ទះនេះ ដើម្បីឱ្យគាត់ចូលរួមទាំងអស់គ្នា ហើយយើងធ្វើគឺស្មើភាពគ្នា ដោយមិនត្រូវលើកលែងផ្ទះណាមួយ គឺត្រូវធ្វើឱ្យស្មើភាពគ្នា តាមស្ដង់ដារដែលបានកំណត់ទាំងអស់គ្នា ។
ឯកឧត្តមបានបន្តទៀតថា នៅថ្ងៃអនាគតរដ្ឋបាលខេត្តនឹងបន្តសាងសង់ និងជួសជុលក្រាលកៅស៊ូបន្ថែមទៀត ប៉ុន្តែត្រូវរង់ចាំដំណើរការសាងសង់លូរំដោះទឹកកខ្វក់ ដែលជាគម្រោងរបស់ADBឱ្យហើយរួចរាល់សិន ទើបយើងអាចបន្តការសាងសង់ ជួសជុលការក្រាលកៅស៊ូជាបន្តបន្ទាប់ ព្រោះបើមិនដូច្នេះទេ កាលណាដែលយើងជួសជុលរួចហើយ ហើយចាប់ផ្ដើមធ្វើលូតាមក្រោយទៀត វាធ្វើឱ្យកាន់តែខាតពេលវេលា និងថវិកាកាន់តែច្រើន ដូច្នេះឯកឧត្តមសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ដោយស៊ូអត់ធ្មត់ហើយបានសមិទ្ធផលថ្មី ចំណាយពេលតែមួយដង ក៏គ្រាន់បើជាងចំណាយពេលដល់ទៅ២ដង ។