រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង សហការជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២

  • 400
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២ ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឯបរិវេណ អាកាសយានដ្ឋានវាលបែកចាន ក្រុងបាត់ដំបង ដោយពិធីនេះរៀបចំឡើងដោយមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តចំនួន៣ គឺខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។


ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង៣ (ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង) បានមានប្រសាសន៍ថា ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២២នេះ ក៏ត្រូវបានសម្រេចធ្វើការដុតកំទេចចោលនូវគ្រឿងញៀន ទម្ងន់សរុប ១០,៩៤៦.៦៥ក្រាម ដែលជាវត្ថុតាងបានរឹបអូសពីក្រុមឈ្មួញទុច្ចរិត តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងនៃខេត្តទាំង៣ នោះចំពោះមុខមហាជន កងកម្លាំងប្រដាប់អាវុធទាំង៣អង្គភាព និងសិស្សានុសិស្ស និស្សិត នៅឯទីតាំងប្រារព្ធពិធីផ្ទាល់តែម្ដង ។


ឯកឧត្តម ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានលើកអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ។ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា នៅក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងលើផ្នែកព្យាបាលស្តារនីតិសម្បទា ការងារផ្សព្វផ្សាយអប់រំ និងការងារអនុវត្តច្បាប់ ដោយបានចាត់វិធានការតាមគ្រប់មធ្យោបាយនិងលទ្ធភាព ដើម្បីធ្វើការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលានូវរាល់ការប៉ុនប៉ង ផលិត កែច្នៃ រក្សាទុក ជួញដូរ និងចរាចរគ្រឿងញៀនខុសច្បាប់ ទាំងមកពីខាងក្រៅនិងនៅផ្ទៃក្នុងប្រទេស ហើយក្រុមឧក្រិដ្ឋជននិងជនល្មើសជាច្រើននាក់ដោយរួមទាំង មេក្លោងធំៗ និងបណ្តាញជួញដូរគ្រឿងញៀនទាំងក្នុងស្រុក និងឆ្លងដែនមួយចំនួនត្រូវបានចាប់ខ្លួន និងយកមកផ្តន្ទាទោសទៅតាមច្បាប់ ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានមានប្រសាសន៍ ធ្វើការជំរុញការណែនាំបន្ថែមដល់អាជ្ញាធរក្រុង ស្រុក ពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណាយកចិត្តទុកដាក់ទៅលើកិច្ចការបង្រ្កាបគ្រឿងញៀនឲ្យមានប្រសិទ្ធិភាព ដោយចាត់ទុកការបង្រ្កាបគ្រឿងញៀនជារឿងអាទិភាព ដោយត្រូវធ្វើយ៉ាងណាកុំឲ្យពួកជួញដូរនិងចែកចាយគ្រឿងញៀនរួចទោសបានឲ្យសោះ ។ ឯកឧត្តម បានបន្ត ក្នុងន័យព្រមានដល់មន្ត្រីពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀន ហាមមិនឲ្យមានការជួញដូរគ្រឿងញៀននៅក្នុងពន្ធនាគារ និងមជ្ឈមណ្ឌលបន្សាបសារធាតុគ្រឿងញៀនជាដាច់ខាត បើមានគ្រឿងញៀននៅក្នុងនោះហើយគឺជាគ្រោះថ្នាក់ធំណាស់សម្រាប់សង្គមជាតិយើង ដែលបញ្ហានេះនៅខេត្តបាត់ដំបង មិនមានទេ តែយ៉ាងណាដាច់ខាតមិនត្រូវឲ្យមានករណីនេះឡើយ បើមាននឹងត្រូវមានវិធានការអនុវត្តតាមផ្លូវច្បាប់ ដោយមានការលើកលែងឡើយ ។

ឯកឧត្តម បានបញ្ជាក់ថា ការប្រើប្រាស់ ការចែកចាយគ្រឿងញៀននៅខេត្តបាត់ដំបង បើទោះបីជាមិនទាន់ដល់សញ្ញាមួយប្រកាស អាសន្នធ្ងន់ធ្ងរ តែបានមកដល់កន្លែងមួយដែលឲ្យយើងទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ក្នុងការកាត់បន្ថយការប្រើប្រាស់គ្រឿងញៀនឲ្យមកនៅតិចបំផុត និងបំបាត់ឲ្យអស់នៅពេលអនាគត ៕

អត្ថបទទាក់ទង