រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រ ខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបាត់ដំបង

  • 477
  • ដោយ Admin

នៅរសៀលថ្ងៃសុក្រ ១០កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រ ខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដើម្បីសិក្សាស្វែងយល់អំពីសមិទ្ធផល និងការអភិវឌ្ឍរបស់ខេត្តបាត់ដំបង ដែលជាខេត្តមួយផលិតស្រូវអង្ករល្អបំផុតរបស់កម្ពុជា ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ស្វាគមន៍ឯកឧត្តម អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ដែលបានអញ្ជើញមកជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសដែលឯកឧត្តម អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) អញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីបុណ្យ រុក្ខទិវា ៩កក្កដា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ឯកឧត្តម អើមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើត បានសម្ដែងនូវការកោតសរសើរចំពោះខេត្តបាត់ដំបងទាំងមូល ដែលជាខេត្តស្រស់ស្អាត និងមានអនាម័យ ដែលនេះជាលើកទីមួយហើយ ដែលឯកឧត្តម បានអញ្ជើញមកខេត្តបាត់ដំបងជាលើកដំបូងហើយក៏មានការភ្ញាក់ផ្អើលផងដែរ ដែលខេត្តបាត់ដំបងជាខេត្តមួយស្រស់ស្អាត មិនចាញ់ពីបណ្ដាខេត្តដទៃទៀតនៅក្នុងប្រទេសតំបន់អាស៊ាន បើទោះបីជាប្រទេសកម្ពុជាទើបតែបញ្ចប់សង្រ្គាមផ្ទៃក្នុងក៏ដោយ ។

ឯកឧត្តម ក៏បានថ្លែងនូវការកោតសរសើរចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាថ្នាក់ដឹកនាំមួយដ៏អស្ចារ្យ ដែលបានធ្វើឱ្យសង្រ្គាមផ្ទៃក្នុងត្រូវបិទបញ្ចប់ដោយសន្ដិវិធីតាមរយៈនយោបាយឈ្នះៗរបស់សម្ដេចតេជោ ហើយបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនឆាប់រហ័សឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តម បានបន្តទៀតថា បច្ចុប្បន្ននេះប្រទេសទីម័រខាងកើតកំពុងពឹងផ្អែកទៅលើវិស័យឧស្សាហកម្ម រ៉ែ និងថាមពលឧស្ម័ន ហើយថ្ងៃអនាគតប្រទេសទីម័រខាងកើតចង់ពង្រឹងវិស័យកសិកម្ម និងទេសចរណ៍ ដូចជាខេត្តបាត់ដំបងផងដែរ ហើយកន្លងមកទីម័រខាងកើតមានបំណងចង់នាំស្រូវអង្ករពីប្រទេសកម្ពុជាយូរហើយ តែមិនទាន់បានសម្រេចនៅឡើយ ហើយនៅថ្ងៃអនាគតឯកឧត្តមមានបំណងនឹងធ្វើការរៀបចំចងសម្ព័ន្ធនឹងគ្នាជាមួយខេត្តបាត់ដំបង និងខេត្តសំខាន់នៃប្រទេសទីម័រខាងកើត និងអាចសិក្សាបន្ថែមពីបទពិសោធន៍ខាងផ្នែកវិស័យកសិកម្មបានច្រើន ដើម្បីធ្វើការចែករំលែកប្រទេសទីម័រខាងកើត ដែលមានអាយុកាលក្មេងខ្ចីផងដែរ ក្នុងនោះឯកឧត្តម ក៏មានការសង្ឃឹមថា នៅថ្ងៃខាងមុខនេះ ខេត្តបាត់ដំបង និងប្រទេសទីម័រខាងកើតនឹងមានជើងហោះហើរត្រង់ ពេលដែលខេត្តបាត់ដំបងដំណើរការព្រលានយន្តហោះនៅខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង បានមាមប្រសាសន៍ថា ខេត្តបាត់ដំបងមិនត្រឹមតែជាខេត្តកសិកម្ម និងទេសចរណ៍នោះទេ តែខេត្តបាត់ដំបងក៏ជាខេត្តមួយមានសក្ដានុពល ដែលក្នុងនោះខេត្តប្រព័ន្ធមានប្រព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ពីខេត្តបាត់ដំបង ទៅខេត្តកោះកុងថ្មី ផ្លូវអាស៊ានហាយវេលេខ១ (ផ្លូវជាតិលេខ៥) ដែលកំពុងតែសាងសង់ថ្មី និងថ្ងៃខាងមុខទៀតនឹងមានផ្លូវត្រង់ពីបាត់ដំបង ទៅខេត្តសៀមរាបតែម្ដង ដែលផ្ដល់ឱកាសដល់ខេត្តបាត់ដំបង ងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅបណ្ដាខេត្តមាត់សមុទ្រ ឬងាយស្រួលក្នុងការធ្វើដំណើរកំសាន្តពីខេត្តបាត់ដំបង ទៅបណ្ដាខេត្តទេសចរណ៍ដទៃទៀត ។

ឯកឧត្តមបានមានប្រសាសន៍សម្ដែងនូវការសប្បាយរីករាយចំពោះប្រទេសទីម័រខាងកើត ដែលមានបំណង់ចង់ចងសម្ព័ន្ធមេត្រីភាពជាមួយខេត្តបាត់ដំបង នឹងខេត្តសំខាន់ណាមួយរបស់ប្រទេសទីម័រខាងកើត ដែលបង្កឱ្យខេត្តទាំងពីរ និងប្រទេសទាំងពីរ ងាយស្រួលធ្វើការទំនាក់ទំនងគ្នាទៅវិញទៅមក និងងាយស្រួលក្នុងការផ្លាស់ប្ដូរគណៈប្រតិភូគ្នាទៅវិញទៅមក សម្រាប់ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក និងជាពិសេសឯកឧត្តមបានសម្ដែងការសប្បាយរីករាយ ដែលប្រទេសទីម័រខាងកើត មានបំណងចង់នាំចូលស្រូវអង្ករពីកម្ពុជា ទៅប្រើប្រាស់ ឬស្ដុកទុកនៅក្នុងប្រទេសទីម័រខាងកើត ។ ឯកឧត្តម សុខ លូ ក៏បានជូនពរ និងស្វាគមន៍ដល់ប្រទេសទីម័រខាងកើត នឹងអាចក្លាយជាសមាជិកអាស៊ាននាពេលឆាប់ៗខាងមុខនេះ ហើយយើងនឹងមានសមាជិកអាស៊ានកាន់តែច្រើន និងជួយគ្នាទៅវិញទៅមកផងដែរ ៕

អត្ថបទទាក់ទង