រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១២គ្រួសារ ស្មើនឹង១២ខ្នងផ្ទះ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង

  • 412
  • ដោយ Admin

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន១២គ្រួសារ ស្មើនឹង១២ខ្នងផ្ទះ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។


ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងដោយ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះ។
ឯកឧត្តម បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានស្តីពីគ្រោះអគ្គិភ័យកាលពីល្ងាចម៉ិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានណែនាំឱ្យក្រុមការងារនាំយកអំណោយមកផ្តល់ជូនគ្រួសាររងគ្រោះទាំងអស់ឱ្យបានភ្លាមៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូនឱ្យបានទាន់ពេលវេលា និងជាសក្ខីភាពក្នុងការចូលរួមចំណែកសុខនិងទុក្ខជាមួយបងប្អូនទាំងអស់ផងដែរ ។


ឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋ គួរតែមានឧបករណ៍ពន្លត់អគ្គិភ័យសម្រាប់ដាក់នៅតាមគេហដ្ឋានរបស់ប្រជាពលរដ្ឋ ឬកន្លែងប្រកបអាជីវកម្មរបស់ខ្លួន ដើម្បីពន្លត់អគ្គិភ័យបានទាន់ពេលវេលា ដោយជួយមិនឱ្យឆេះរាលដាលឆ្លងដល់ផ្ទះផ្សេងៗជាបន្តបន្ទាប់ បង្កឱ្យឆាបឆេះកាន់តែខ្លាំង ពិបាកក្នុងការគ្រប់គ្រង ចំណែកការតចរន្តអគ្គិសនីក៏ត្រូវមានការតឱ្យសមស្របបច្ចេកទេសត្រឹមត្រូវផងដែរ ។ ឯកឧត្តម បានបន្តទៀតថា ទន្ទឹមនឹងការខូចខាតធ្ងន់ធ្ងរនេះផងដែរ តែមិនបង្កឱ្យមានការប៉ះពាល់ដល់អាយុជីវិត ឬបង្ករបួសដល់ប្រជាពលរដ្ឋឡើយ ដែលនេះក៏រឿងសំណាងមួយផងដែរ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កការរបួសផងដែរ ។


សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥យូរ, ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, តង់ ១ និងថវិកាចំនួន ៥០ម៉ឺនរៀល និងទឹកសុទ្ធ១០កេសផងដែរ ៕

អត្ថបទទាក់ទង