រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំអូរតាគី អាណត្តិទី៥ ស្រុកថ្មគោល ខេត្តបាត់ដំបង

  • 105
  • ដោយ Admin

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា ឃុំអូរតាគី អាណត្តិទី៥ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅក្នុងសាលាឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំអូតាគីនេះ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ នៅអាណត្តិទី៤កន្លងទៅនេះ ។ ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងនោះដែរ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំអូរតាគី មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងត្រូវសហការ ជាមួយសមត្ថកិច្ច ប្រជាពលរដ្ឋ ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យ នូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេស ជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង។ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន។


ឯកឧត្តមបានបន្តទៀតថា ចាប់ពីថ្ងៃប្រកាសនេះតទៅ គឺជាការរួមដៃគ្នា និងសហការគ្នា ដើម្បីចូលរួមក្នុងបម្រើប្រជាពលរដ្ឋ ដោយមិនត្រូវមានគំនិតប្រកាន់គុំគួនថាខ្លួនមកពីគណបក្សនយោបាយណាមួយឡើយ គឺត្រូវលះបង់គំនិតនេះឱ្យអស់ ក្នុងន័យដើម្បីបម្រើផលប្រយោជន៍សង្គមជាធំ ជាពិសេសគឺដើម្បីលើកស្ទួយឃុំអូរតាគីនេះឱ្យកាន់តែរីកចម្រើនតទៅមុខទៀត ។


សូមបញ្ជាក់ផងដែរថា សម្រាប់ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ មេឃុំ ចៅសង្កាត់ ជំទប់ និងចៅសង្កាត់រង នៅតាមបណ្ដាឃុំក្នុងខេត្តបាត់ដំបង រយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះ ៕

អត្ថបទទាក់ទង