រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ

  • 315
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ នៅសាលប្រជុំសណ្ឋាគា ស្ទឹងសង្កែ ក្រោមអធិបតីភាព ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ "ក.ប.ប" ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយមួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់អាជីវករ ឬអ្នកប្រើប្រាស់ឱ្យមានការយល់ដឹងអំពីច្បាប់ទាំងអស់នេះ ព្រោះថាដោយសារមានទំនិញ ឬផលិតផលមួយចំនួនមានផ្ទុកនៅសារជាតិគីមី ឬសារជាតិដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ដែលនេះគឺជាអ្វីដែលអាជីវករ អ្នកប្រើប្រាស់ត្រូវស្វែងយល់ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានធ្វើការស្នើសុំដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ "ក.ប.ប" ក្នុងការពិចារណាផ្ដល់ជូននូវរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ដើម្បីបង្កភាពងាយស្រួលដល់ខេត្តបាត់ដំបង ក្នុងករណីមានការពុលចំណីអាហារនៅខេត្តបាត់ដំបង ងាយស្រួលក្នុងការស្វែងរកប្រភពនៃការពុលនេះកាន់តែឆាប់រហ័ស ។ ឯកឧត្តម បានមានសង្ឃឹមយ៉ាងមុតមាំថា នៅថ្ងៃខាងមុខនេះនឹងមានការធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់នេះឱ្យកាន់តែធំទូលាយជាងនេះទៀត ដើម្បីអ្នកចូលរួមមានអាជីវករ អ្នកប្រើប្រាស់បានចូលរួមកាន់តែច្រើនឡើងថែមទៀត បង្កើនចំណេះដឹងដល់គាត់ផងដែរ ហើយរដ្ឋបាលខេត្តបាត់ដំបងរីករាយនឹងសហការជាមួយ ក.ប.ប ជានិច្ចដើម្បីឱ្យដំណើរការនៃសិក្ខាសាលាកាន់តែទូលំទូលាយផងដែរ ។


ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ "ក.ប.ប" បានមានប្រសាសន៍លើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ មានគោលបំណងជំរុញចំពោះកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង សុវត្ថិភាពម្ហូបអាហារ ព្រមទាំងចែករំលែកបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីដែលកំពុងកើតមាន និងដើម្បីធ្វើការផ្សព្វផ្សាយច្បាប់ដែលទើបតែនឹងបានអនុម័តឱ្យប្រើប្រាស់ថ្មីៗកន្លងទៅនេះ ។ ឯកឧត្តម បានស្នើដល់មន្រ្ដីអនុវត្តច្បាប់ ឱ្យធ្វើការបង្កើនការអនុវត្តច្បាប់ ដោយធ្វើការចុះអង្កេតនៅតាមទីផ្សារ សិប្បកម្ម ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើផលិតផលក្នុងស្រុករបស់យើង ។ ឯកឧត្តម បានបន្តទៀតថា តាមរយៈសំណើរសុំរបស់ឯកឧត្តម សុខ លូ ពាក់ព័ន្ធនឹងការស្នើឱ្យមានរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ឯកឧត្តមនឹងធ្វើការស្នើសុំដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីស្នើសុំទិញរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ នៅពេលឆាប់ៗខាងមុខនេះនៅខេត្តបាត់ដំបងតែម្ដងផងដែរ ៕

អត្ថបទទាក់ទង