រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ បន្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំតាគ្រាម អាណត្តិទី៥ ស្រុកបាណន់ ខេត្តបាត់ដំបង

  • 211
  • ដោយ Admin

នៅរសៀលថ្ងៃពុធ ៨កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំតាគ្រាម អាណត្តិទី៥ នៅសាលាឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំតាគ្រាមនេះ ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ នៅអាណត្តិទី៤ ក្នុងរយៈពេល៥ឆ្នាំកន្លងផុតទៅនេះ ដែលទទួលបានលទ្ធផលសម្រេចគួរជាទីមោទនៈ ហើយសូមបន្តចូលរួមធ្វើកិច្ចការទាំងនេះទៀត និងត្រូវរួមគ្នាដោយមិនត្រូវប្រកាន់និន្នានយោបាយឡើយ និងមិនត្រូវមានគំនិតគុំគួននឹងគ្នាឡើយ ព្រោះមកដល់ពេលនេះ គឺមិនអាចយករឿងគណបក្សផ្សេងមកលាយលំគ្នាឡើយ ការបោះឆ្នោតត្រូវបានញ្ចប់ និងបានប្រកាសលទ្ធផលរួចហើយ ដូចនេះត្រូវតែទទួលស្គាល់ និងខិតខំបម្រើប្រជាពលរដ្ឋតែមួយ ដើម្បីផលប្រយោជន៍ជាតិតែមួយ ។


ឯកឧត្តមបានបន្តទៀតថា បើទោះបីមេឃុំ ចៅសង្កាត់ដែលបានជាប់ដោយសារការពេញចិត្តស្រឡាញ់ និងបោះឆ្នោតពីប្រជាពលរដ្ឋ គឺពួកគាត់មានអំណាចមួយគឺអំណាចនីតិប្រតិបត្តិ និងស្វ័យភាពក្នុងដែនកំណត់នៃច្បាប់ និងលិខិតបទដ្ឋាន ដោយក្នុងន័យនេះមិនមែនមានន័យថាមេឃុំ ចៅសង្កាត់ធ្វើអ្វីតាមតែចិត្តបានទេ គឺគាត់ត្រូវធ្វើអ្វីដែលត្រូវបានកំណត់ដោយច្បាប់ ហើយរដ្ឋបាលក្រុង ស្រុក ឬរដ្ឋបាលខេត្តមានសិទ្ធិក្នុងការត្រួតពិនិត្យខុសត្រូវពីលើបន្ថែមទៀត ។ ក្នុងនោះឯកឧត្តមក៏បានជំរុញដល់រដ្ឋបាលឃុំ ពិនិត្យមើល លិខិតបទដ្ឋានគតិយុត្ត ឬគំរោងអភិវឌ្ឍន៍ ឬសេវាកម្មនានាដែលសល់ពីអាណត្តិមុន ដែលមិនទាន់ដេញថ្លៃ ឬដេញហើយធ្វើមិនទាន់ហើយ ត្រូវធ្វើឱ្យបានបញ្ចប់ ឬមិនត្រូវលុបចោលនូវលិខិតបទដ្ឋានគតិយុត្តចាស់ៗឡើយ ចំណែកឯស្មៀនឃុំក៏ត្រូវបន្តជួយដល់មេឃុំថ្មី ដើម្បីឱ្យដំណើរការក្នុងរដ្ឋបាលឃុំកាន់តែរលូន ។


ឯកឧត្តមបានបន្តទៀតថា ពាក់ព័ន្ធនឹងរឿងបរិស្ថាននេះ គឺស្នើឱ្យឃុំបន្តយកចិត្តទុកដាក់ ណែនាំ ពន្យល់ដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីបញ្ហាសំរាម និងផលប៉ះពាល់អំពីសំរាមជាមុនសិន មុននឹងសំណូមពរឱ្យមានក្រុមហ៊ុនប្រមូលសំរាមនៅតាមផ្ទះប្រជាពលរដ្ឋ និងត្រូវពន្យល់ដល់ប្រជាពលរដ្ឋអំពីក្រុមហ៊ុនប្រមូលសំរាម បើសិនជាមានក្រុមហ៊ុនប្រមូលសំរាម នោះនឹងត្រូវមានការបង់ថ្លៃប្រមូលសំរាម ហើយត្រូវរួមគ្នាសហការជាមួយក្រុមហ៊ុនប្រមូលសំរាម ដោយការចូលរួមបង់ថ្លៃជាប្រចាំដល់ក្រុមហ៊ុនទើបក្រុមហ៊ុនអាចដំណើរការបាន ។


ឯកឧត្តមបានបន្តទៀតថា ទន្ទឹមនឹងនោះដែរ សមាជិក សមាជិកា ក្រុមប្រឹក្សាឃុំតាគ្រាម មេឃុំ ស្មៀនឃុំ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្ដទុកដាក់ និងលើកកម្ពស់គណនេយ្យភាព និងតម្លាភាព នៅក្នុងការអនុវត្ដការងាររបស់ខ្លួនជាប្រចាំ និងត្រូវសហការ ជាមួយសមត្ថកិច្ច ប្រជាពលរដ្ឋ ដើម្បីអនុវត្ដឱ្យសម្រេចបានជោគជ័យ នូវរាល់គោលនយោបាយនានារបស់រាជរដ្ឋាភិបាល ពិសេស ជំរុញការចូលរួមអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង។ ការផ្តល់សេវាសាធារណៈលើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោមតួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ។ ត្រូវយកចិត្ដទុកដាក់អនុវត្ដឱ្យបានត្រឹមត្រូវតាមគោលនយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដិនានារបស់រាជរដ្ឋាភិបាល បំពេញការងារចំពោះមុខ ឱ្យបានម៉ត់ចត់ រួមទាំងការធានាបាននូវ សាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួន ៕

អត្ថបទទាក់ទង