នាព្រឹកថ្ងៃអង្គារ៍ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ១២គ្រួសារ ដោយសារខ្យល់កន្រ្តាក់នៅភូមិចំនួន៣ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ព្រមទាំងមានចែកអំណោយមួយចំនួនផងដែរ។
ឯកឧត្តម ងួន រតន: មានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ថា ថ្ងៃនេះរដ្ឋបាលខេត្តយើងបានដឹកនាំកម្លាំងចម្រុះមានមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន បាននាំអំណោយចុះសួរសុខទុក្ខអ្នករងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ ដោយចែកអំណោយជូនប្រជាពលរដ្ឋទាំង ១២គ្រួសារ ក្នុងនោះអ្នកខូចខាតធ្ងន់ធ្ងរ ចំនួន ៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានសង្ក័សី២០សន្លឹក អង្ករ២៥គីក្រាម មី២កេស ទឹកសុទ្ធ១កេស ថវិកា២០ម៉ឺនរៀល និងអ្នករងគ្រោះស្រាល៧គ្រួសារទទួលបានសង្ក័សី១០សន្លឹក អង្ករ២៥គីក្រាម មី២កេស ទឹកសុទ្ធ១កេស ថវិកា៥ម៉ឺនរៀល។
ឯកឧត្តមអភិបាលខេត្តបានជម្រាបថា អំណោយដែលបានចែកជូននាពេលនេះ ថ្មីត្បិតតែបន្តិចបន្តួចមិនបានតាមតម្រូវការរបស់បងប្អូនមែន តែនេះជាកាចែករំលែកជួយគ្នាក្នុងគ្រាជួបការលំបាកដោយសារគ្រោះធម្មជាតិ និងសូមឱ្យបងប្អូនមានការយោគយល់ផងចំពោះការចែកអំណោយនេះ។
ឯកឧត្តមបានធ្វើផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងធ្លាក់ម្តងៗដែលតែងតែនាំខ្យល់កន្រ្តាក់មកជាមួយផងនោះ សូមរត់រកទីកន្លែងមានសុវត្តិភាពជៀសវាងមានគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតយើង។បន្ទាប់ពីសំណេះសំណេះហើយលោកអភិបាលបាននាំកម្លាំងជួយជួសជុលផ្ទះប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។
Vadovų paieška, personalo atranka, mokymai vadovams ir darbuotojų paieška primumesse.lt