រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ប្រារព្ធពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២

  • 299
  • ដោយ Admin

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២ ចំនួន២១០នាក់ នៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ២០២២ ផ្ញើជូនបងប្អូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន ។


ឯកឧត្តម សុខ លូ ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងអំណោយដ៏ថ្លៃថ្លា ពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកជំទាវ ដែលសម្ដេច និងលោកជំទាវ ជានិច្ចជាកាលតែងតែធ្វើការគិតគូរគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាយកចិត្តទុកដាក់ចំពោះបងប្អូនអតីតយុទ្ធជន ដែលជាអ្នកពលីកម្លាំងកាយ កម្លាំងចិត្តខិតខំការពារមាតុភូមិប្រទេស ចូលរួមចំណែកក្នុងការនាំយកសុខសន្ដិភាពជូនប្រទេស ក៏ដូចជាជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ ។


ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានធ្វើការរំលឹកដល់អតីតយុទ្ធជនទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដូសទី៤ និងដូស៥ សូមមេត្តារួសរាន់ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលវ៉ាក់សាំងកូវីដ-១៩ ដែលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក បានរៀបចំ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជាសហគមន៍ជាថ្មីម្ដងទៀតនូវជំងឺកូវីដ-១៩ បើទោះបីជាមួយរយៈពេលចុងក្រោយនេះ មិនមានការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីក៏ពិតមែន ក៏មិនមែនមានន័យថា ត្រូវបណ្ដែតបណ្ដោយ ឬធ្វេសប្រហែសឡើយ ពោលគឺត្រូវតែមានភារកិច្ចជាប់ខ្លួនជានិច្ចក្នុងការទប់ស្កាត់ ជំងឺសកលមួយនេះ កុំឱ្យបន្តមានវត្តមាននៅក្នុងប្រទេសរបស់យើង និងសូមកុំឱ្យមានការព្រួយបារម្ភថាវ៉ាក់សាំងកូវីដ-១៩អស់ពីស្ដុក ព្រោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានធ្វើការកម្មង់ទិញគ្រប់គ្រាន់ ពីបណ្ដាប្រទេសនៅក្នុងសកលលោក ដើម្បីនាំយកវ៉ាក់សាំងកូវីដ-១៩ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ ៕

អត្ថបទទាក់ទង