រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារចត្តាឡីស័កមួយខ្នង នៃមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង

  • 638
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកវេជ្ជបណ្ឌិត ណាំ ប៊ុកហ្យុន (Nam Bok Huyn) អគ្គនាយកអង្គការKOFIH ប្រចាំប្រទេសកូរ៉េ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារចត្តាឡីស័កមួយកន្លែង ដែលស្ថិតនៅក្នុងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ដែលចំណាយថវិកាសរុប ១៧១,២៤៥.៥៦ដុល្លាសហរដ្ឋអាមេរិក ដោយក្នុងនោះក៏បានបំពាក់ជាមួយនូវសម្ភារៈ ឧបករណ៍ បរិក្ខារពេទ្យមួយចំនួនផងដែរ ។


ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស រួមទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ផងនោះ យើងពិតជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើសមរភូមិកូវីដ-១៩ ប៉ុន្តែតម្រូវឱ្យយើងបន្ត រៀនរស់ក្នុងប្រក្រតីភាពថ្មី ជាមួយនឹងកូវីដ-១៩ និងចេះទទួលខុសត្រូវក្នុងសង្គម ដោយត្រូវការពារខ្លួនយើង គ្រួសារយើង និងសហគមន៍របស់យើងកុំឱ្យឆ្លងជំងឺកូវីដ-១៩ ពីព្រោះ ជំងឺកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយនោះទេ ហើយនៅក្នុងប្រទេសនានានៅលើសកលលោក គឺនៅតែមានការឆ្លងជំងឺនេះនៅឡើយ ។ ឯកឧត្តមបានបន្តទៀតថា បើទោះបច្ចុប្បន្នថ្វីត្បិតតែជំងឺកូវីដ-១៩បានធូរស្បើយច្រើន មិនមានអ្នកធ្វើចត្តាឡីស័កទៀតនោះ ក៏អគារមណ្ឌលចត្តាឡីស័កនេះមិនទុកចោលដែរ ពោលគឺយើងនឹងធ្វើការប្រើប្រាស់មណ្ឌលនេះ ជាមណ្ឌលសំរាក ព្យាបាលជំងឺទូទៅ ដោយមិនប្រកាន់ជំងឺអ្វីឡើយ ហើយបើសិនជាមានការផ្ទុះជំងឺកូវីដ-១៩ដោយប្រការណាមួយ នឹងប្រើប្រាស់មណ្ឌលនេះជាមណ្ឌលចត្តាឡីស័កវិញម្ដង ។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល និងសុខុមាលភាពសាធារណរដ្ឋកូរ៉េ និងអង្គការមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំប្រទេសកូរ៉េ ដែលតែងតែចូលរួមវិភាគទានយ៉ាងច្រើន ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍន៍វិស័យសុខាភិបាល នៅប្រទេសកម្ពុជា ជាក់ស្ដែងអង្គការក៏បានជួយសម្របសម្រួល និងផ្ដល់អំណោយដ៏ថ្លៃថ្លា នូវអគារចត្តាឡីស័កនៃមណ្ឌលសុខភាពត្រាងដ៏ថ្មីសន្លាងមួយនេះ ។


ឯកឧត្តមបានបន្តទៀតថា ទោះបីមានការធូរស្បើយនូវជំងឺកូវីដ-១៩ហើយក្ដី សូមប្រជាពលរដ្ឋទាំងអស់បន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលនៅជិតប្រជាពលរដ្ឋរស់នៅ ពិសេសសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួចរាល់បន្ទាប់ពី៣-៤ខែ សូមបន្តទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដូសទី៤ និងដូសបន្តបន្ទាប់ទៀត តាមកាលកំណត់ជាក់ស្ដែង និងសូមកុំឱ្យមានការភ័យខ្លាចថា វ៉ាក់សាំងកូវីដ-១៩ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ តាមការរយៈការញ៉ុះញ៉ុងពីជនអគតិមួយចំនួនឡើយ ៕

អត្ថបទទាក់ទង