រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និងលោកជំទាវ បន្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ជូនអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦១០គ្រួសារ ក្នុងស្រុកចំនួន៣ នៃខេត្តបាត់ដំបង

  • 272
  • ដោយ Admin

នៅថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ និងក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន បន្តអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់ជូនអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត ចាស់ជរាឥតទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយកូនច្រើនមានជីវភាពខ្វះខាត ។

ពិធីនេះរៀបចំឡើងនៅទីតាំងចំនួន៣កន្លែងផ្សេងគ្នារួមមាន៖

-ទីតាំងទី ១ នៅសាលាស្រុកកំរៀង មានចំនួន២០០គ្រួសារ

-ទីតាំងទី២ នៅសាលាឃុំមានជ័យ នៃស្រុកសំឡូត មានចំនួន ២១០គ្រួសារ

-ទីតាំងទី៣ នៅបរិវេណវត្តស្តៅខាងកើត ឃុំស្តៅ ស្រុករតនមណ្ឌល ចំនួន២០០គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ បានសម្តែងនូវក្តីសប្បាយរីករាយ និបាននាំយកការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ និងតែងតែធ្វើការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានផ្ញើនូវក្តីនឹករលឹកចំពោះលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតំបន់ដាច់ស្រយាលនេះប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពឱ្យបានល្អ ពិសាទឹកដាំឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ និងប្រុងប្រយ័ត្នចំពោះការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះធម្មជាតិ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើម និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ឬដូសទី៤ ឱ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចេះសាមគ្គីគ្នា ស្រឡាញ់គ្នាដូចបងប្អូន កាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងត្រូវថែរក្សាសន្តិភាពដែលបានមកយ៉ាងលំបាកឱ្យបានគង់វង្ស ។

ឯកឧត្តមបានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ព្រមទាំងចូលរួមក្នុងការលុបបំបាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងនោះ បន្តអប់រំកូនចៅ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ។

ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកា ក៏ដូចជាសម្ភារៈមួយចំនួន ដល់សាខាកាកបាទក្រហមកម្ពុជា ប្រកបដោយទឹកចិត្តជ្រះថ្លា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងជែល១ដបផងដែរ ៕

អត្ថបទទាក់ទង