រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និងលោកជំទាវ អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះនៃស្រុកសំពៅលូន និងស្រុកភ្នំព្រឹក

  • 311
  • ដោយ Admin

នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែ មេសាឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិតិ្តយសសាខា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជន បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះ ជនចាស់ជរា ដែលមានជីវភាពក្រីក្រចំនួនពីរទីតាំងផ្សេងគ្នា

- ទីតាំងទី១ នៅបរិវេណវត្ត អូរជុំឧត្តមសាមគ្គី ឃុំសន្តិភាព ស្រុកសំពៅលូន ចំនួន២០០គ្រួសារ
-ទីតាំងទី២៖នៅបរិវេណវត្តគីរីសង្វាពេជ្រ ហៅវត្តភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំនួន២៤១គ្រួសារ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ គ្រួសារងាយរងគ្រោះដោយក្តីនឹករឭកបំផុត ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមាន ទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹង ប្រែងប្រកបមុខរបរ បង្កបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។


ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា និងត្រូវធ្វើការណែនាំដល់កូនចៅរបស់ខ្លួនឲ្យគេចឲ្យឆ្ងាយអំពីគ្រឿងញៀន។ ឯកឧត្តមបានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា សូមឱ្យប្រជាពលរដ្ឋបន្តអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ។


ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋណា ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសមូលដ្ឋាន សូមទៅចាក់វ៉ាក់សាំងកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ១៩ បើទោះបីជាការឆ្លងក្នុងសហគមន៍មានការថយចុះបន្តិចក្ដី ក៏មិនត្រូវធ្វើការធ្វេសប្រហែសឡើយ ហានិភ័យនៃការឆ្លងក្នុងសហគមន៍នូវកូវីដ-១៩ នៅតែគំរាមកំហែងដល់យើងគ្រប់ពេលវេលា នៅពេលដែលយើងធ្វេសប្រហែស និងបន្តការចូលរួមអនុវត្តតាមវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល និងគោលការណ៍ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ ។


អំណោយដែលផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖
អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១កេស,មី១កេស ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ជែលចំនួន១ដបផងដែរ ៕

អត្ថបទទាក់ទង