នៅរសៀលថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគំរូប្លង់បច្ចេកទេសសំយ៉ាប ស្លាកយីហោ និងផ្លូវថ្មើរជើង ក្នុងតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញតាមស្ថាប័នមន្ទីរនានាក្នុងខេត្ត រដ្ឋបាលក្រុងបាត់ដំបង និងមន្ត្រីសាលាខេត្តបាត់ដំបង នៅសាលប្រជុំB២ សាលាខេត្តបាត់ដំបង ។
ពាក់ព័ន្ធទៅនឹងការកាត់សំយ៉ាបមុខផ្ទះនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់មន្រ្ដីជំនាញទាំងអស់ បង្កើតក្រុមការងារមួយដើម្បីធ្វើការសិក្សាអំពីការកាត់សំយ៉ាប ការរៀបចំប្លង់គំរូសំយ៉ាបថ្មីដែលត្រូវសាងសង់ សិក្សាអំពីតម្លៃនៃការសាងសសង់ឲ្យបានច្បាស់លាស់ និងត្រូវធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋរស់នៅតំបន់ដែលរដ្ឋបាលខេត្ត ត្រូវបានកំណត់ឲ្យមានការរុះរើសំយ៉ាបផ្ទះ ដែលពីមុនមកមានការដាក់រៀបចំសំយ៉ាបផ្ទះយ៉ាងគ្មានសណ្ដាប់ធ្នាប់ ធ្វើឲ្យបាត់បង់សម្រស់នៃផ្ទះបុរាណដែលបន្សល់មកពីសម័យអាណានិគមបារាំង ធ្វើឲ្យបាត់បង់នូវគុណតម្លៃនៃតំបន់អភិរក្សបេតិកភណ្ឌក្រុងបាត់ដំបង ធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីការកាត់សំយ៉ាបនេះ ។
ឯកឧត្តម សុខ លូ ក៏បានជំរុញណែនាំបន្ថែមដល់ក្រុមការងារពាក់ព័ន្ធ បន្តសកម្មភាពក្នុងការរៀបចំសណ្តាប់សាធារណៈនៅក្នុងក្រុងបាត់ដំបង ពិសេសផ្លូវជុំវិញផ្សារនានា ក្រៅពីនោះ បញ្ហាបរិស្ថាន និងសំរាមនៅក្នុងក្រុងបាត់ដំបង ត្រូវធ្វើឱ្យបានលឿននិងអស់ទាន់ពេលវេលា ដោយធ្វើយ៉ាងណាកុំឱ្យក្រុងបាត់ដំបង ក្លាយជាទីក្រុងសំរាមឲ្យសោះ អ្វីដែលសំខាន់ត្រូវរួមគ្នាគិត រួមគ្នាធ្វើទាំងអស់គ្នា ដើម្បីទីក្រុងបាត់ដំបងកាន់តែស្អាត មានសោភណ្ឌភាពស្រស់បំព្រងគ្រប់រដូវកាល ។ ក្នុងនោះឯកឧត្តម ក៏បានមានប្រសាសន៍ដល់ក្រុមការងារ ធ្វើការសិក្សាអំពីលទ្ធភាពដែលអាចរៀបចំចំណតយានយន្ត កន្លែងថតរូបជាដើម នៅរង្វង់មូលលោកតាដំបងក្រញ៉ូង ដើម្បីអាចឲ្យភ្ញៀវទេសចរដែលអញ្ជើញមកធ្វើការបន់ស្រន់នៅរូបសំណាកលោកតាដំបងក្រញ៉ូង ងាយស្រួលក្នុងការចតយានជំនិះរបស់ខ្លួន និងមានទីកន្លែងដែលអាចថតរូបបានយ៉ាងស្រស់ស្អាត ក្នុងន័យជំរុញសក្ដានុពលទេសចរណ៍ក្នុងខេត្តបាត់ដំបង និងជាពិសេសត្រូវពិនិត្យមើលការដាំដើមឈើនានានៅក្នុងក្រុងបន្ថែមទៀត ដើម្បីឲ្យក្រុងបាត់ដំបងមានសោភ័ណភាពបៃតងស្រស់ បង្កើនសម្រស់ក្រុងបាត់ដំបងឲ្យកាន់តែទាក់ទាញបន្ថែមទៀតផងដែរ ៕