ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តលអំណោយ ដល់ប្រជាពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៧៩គ្រួសារ ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង នៅបរិវេណសាលាឃុំជ្រៃ ស្រុកថ្មគោល ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភាសមាជិករាជរដ្ឋាភិបាល ក្រុមការងារថ្នាក់ជាតិចុះជួយក្រុង ស្រុកទាំង១៤ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំនិងប្រជាពលរដ្ឋរងគ្រោះមកពី៦ឃុំចូលរួមផងដែរ។
សម្តេចនាយករដ្ឋមន្រ្តីស្តីទីបានមានប្រសាសន៍សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋថា សម្តេចមានការចូលរួមសោកស្តាយជាខ្លាំង ដែលបងប្អូនយើងបានទទួលរងគ្រោះដោយសារគ្រោះធម្មជាតិគឺខ្យល់កន្រ្តាក់ធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋយើងមួយចំនួននៅក្នុងស្រុកថ្មគោល។ តាមរបាយការណ៍អភិបាលស្រុកថ្មគោលបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់កន្លងមកមានចំនួន៦ឃុំក្នុងចំណោម១០ឃុំក្នុងស្រុកថ្មគោលធ្វើឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២៧៩គ្រួសារក្នុងនោះមាន២៨គ្រួសារធ្ងន់ធ្ងរដួលរលំទាំងស្រុងនិងរងគ្រោះមធ្យមចំនួន២៥១គ្រួសារ សរុបទាំងអស់មាន២៧៩គ្រួសារ។
សម្តេចបានបញ្ជាក់បន្ថែមថា ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះធ្ងន់ធ្ងរដួលរលំផ្ទះទាំងស្រុងចំនួន២៨គ្រួសារត្រូវបានទទួលអំណោយពីសម្តេចក្រឡាហោម ស ខេង មាន ក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀល សង្កសី២០សន្លឹក ទឹកបរិសុទ្ធ១កែស អង្ករ២៥គីឡូក្រាម មី១កែសនិងប្រជាពលរដ្ឋរងគ្រោះមធ្យមចំនួន២៥១គ្រួសារ បានទទួលអំណោយក្នុង១គ្រួសារទទួលបានថវិកា២០ម៉ឺនរៀល សង្កសី១០សន្លឹកទឹកបរិសុទ្ធ១កែសអង្ករ២៥គីឡូក្រាម មី១កែស។
សម្តេចក៏បានធ្វើការអំពាវនាវដល់កងកម្លាំងគ្រប់ប្រភេទត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដោយនាំគ្នាចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់កន្លងមកនិងត្រៀមកម្លាំងជានិច្ចសម្រាប់ចុះជួយឲ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ និង២២ ខែមេសា ឆ្នាំ២០១៩ ខ្យល់ព្យុះកន្ត្រាក់ បានប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកចំនួន១០ ស្មើនឹង៨៧៦ខ្នង ក្នុងនោះស្រុកថ្មគោលច្រើនជាងគេ និងបង្កឲ្យមានពលរដ្ឋរងរបួសផងដែរ ហើយសម្រាប់ថ្ងៃទី២៤ ខែមេសា ក៏មានខ្យល់កន្ត្រាក់ចំនួន៤ស្រុកទៀត ដោយប៉ះពាល់ផ្ទះពលរដ្ឋចំនួន ១០១ខ្នង ៕
វីឌីអូរទាំងស្រុង Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister