រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីភាពក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣

  • 361
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទិវានេះប្រព្រឹត្តទៅនៅមណ្ឌលកីឡដ្ឋានបាល់ទាត់វាលបែកចាន ក្រុងបាត់ដំបង ។


ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានមានប្រសាសន៍លើកឡើងនៅក្នុងឱកាសនោះថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មាននិន្នាការថយចុះនៃការ ស្លាប់ និងរបួស ដែលបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថាន បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស ឬរបួសពិការយ៉ាងអាណោចអាធ័ម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវ កូនកំព្រា ស្ត្រីមេម៉ាយ ពោះម៉ាយ ពិការភាព សោកនាដកម្ម និងផលវិបាកជាច្រើនមកលើសង្គមកម្ពុជា។ឯកឧត្តម បានបន្តទៀតថា តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានបង្ហាញថានៅក្នុងឆ្នាំ២០២១ កន្លងមកនេះខេត្តបាត់ដំបងមានគ្រោះថ្នាក់ចរាចរណ៍ចំនួន១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៦២ករណី ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ១២នាក់ និងអ្នករបួសថយចុះ ១០៩នាក់។ ក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមជាអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ឯកឧត្តមបានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកដំណើរតាមផ្លូវថ្នល់ សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាការក្រើនរំលឹកនិងពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់គោរពច្បាប់ និងមានសីលធម៌យោគយល់អធ្យាស្រ័យនៅគ្រប់ពេលធ្វើដំណើរលើដងផ្លូវនាំមកនូវសុវត្ថិភាព និងភាពរីករាយ ការជួបជុំគ្រួសារក្នុងសង្គមជាតិកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ មានកំណើនសេដ្ឋកិច្ច ជាពិសេសមានផ្លូវស្ពាន តភ្ជាប់ទៅគ្រប់ទិសតំបន់នៅក្នុងប្រទេសនិងតភ្ជាប់ជាមួយប្រទេសជិតខាងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈល្អប្រសើរជាលំដាប់ ។


សម្តេចបានបន្ថែមទៀតថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមដ៏យូរអង្វែង បើទោះជាមានការថយចុះក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ក៏ដោយ ក៏ប៉ុន្តែគ្រោះថ្នាក់នេះ មាននិន្នាការកើនឡើងបន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល ។ សម្តេច ស ខេង បានបញ្ជាក់ថាក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងត្រីមាសទី១ ឆ្នាំ២០២២នេះ ដែលបណ្តាលឲ្យចំនួនអ្នកស្លាប់និងអ្នករងរបួស មានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គមនានា ជាមធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួន៥នាក់និងអ្នករបួសចំនួន១៤នាក់។ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍កើនចំនួន១០៦លើកស្មើនឹង១៤% គឺ៨៦៩លើ៧៦៣លើក ចំនួនអ្នកស្លាប់កើន៦០នាក់ ស្មើនឹង១៤% គឺ៤៩៣នាក់ លើ៤៣៣នាក់ និងចំនួនអ្នករងរបួសកើនចំនួន១៤៩នាក់ ស្មើនឹង១៣% គឺ១ ២៦២នាក់ លើក១ ១១៣នាក់ ។


សម្ដេច បានបញ្ជាក់បន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាហានិភ័យ បង្កនូវគ្រោះមហន្តរាយដល់អាយុជីវិតមនុស្ស បង្កការបាត់បង់កាយសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិជាច្រើន ដែលត្រូវទាមទារនូវការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាផងដែរ ៕

អត្ថបទទាក់ទង