រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ បន្តអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ នៃស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

  • 13
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក អភិបាលរងខេត្ត លោក លោកស្រី ប្រធាន និងអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនទៀត បន្តអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ជាមួយកងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក កម្ពុជា-ថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចំនួនពីរទីតាំងរួមមាន :
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ នៃស្រុកកំរៀង
-វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៃស្រុកសំពៅលូនឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរដល់កងកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ក្នុងភូមិសាស្រ្ដខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមចំណែកក្នុងការការពារព្រំដែន ការពារបូរណភាពទឹកដី និងជាពិសេស មិនត្រឹមតែមានភារកិច្ចចូលរួមចំណែកការពារព្រំដែនតែមួយមុខទេ ក្នុងនោះក៏បានចូលរួមចំណែកក្នុងការការពារសុខសន្ដិភាពប្រជាពលរដ្ឋ ការពារការលួចឆ្លងដែនខុសច្បាប់ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ ។


ឯកឧត្តមបានបន្តទៀតថា ក្នុងករណីមានភាពមិនប្រក្រតីណាមួយដែលមានការលេចឡើងនៅព្រំដែនរបស់ខ្លួន ត្រូវប្រញាប់រួសរាន់ក្នុងការដោះស្រាយជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយអូសដំណើរឲ្យយូរឡើយ ដើម្បីកុំពិបាកក្នុងការដោះស្រាយខាងមុខទៀត ។ ឯកឧត្តមបានបន្ត ណែនាំដល់កងកម្លាំងទាំងអស់ ត្រូវតែបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ជាពិសេសបញ្ហាគ្រឿងញៀន ដំបូងគឺបញ្ហាផ្ទៃក្នុងរបស់យើងដោយដាច់ខាតត្រូវគេចឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន តាមអនុសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា បើសិនបើនៅក្នុងអង្គភាពរបស់ខ្លួនមានអ្នកជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន គឺមិនទុកឲ្យបម្រើការងារជាមន្រ្ដីនគរបាលបន្តទៀតនោះទេ ដូចនេះមេបញ្ជាការត្រូវតែខិតខំសហការ និងដោះស្រាយអំពីបញ្ហានេះ ក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន មិនថាក្របខ័ណ្ឌស៊ីវិល ឬកងកម្លាំងឡើយ ។


ឯកឧត្តម បានធ្វើការកោតសរសើរ ដល់កងកម្លាំងទាំងអស់ ក្នុងការចូលរួមជួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងបានជំរុញដល់ប្រជាពលរដ្ឋឲ្យមកចាក់វ៉ាក់សាំងកូវីដ-១៩ បូករួមទាំងបានចូលរួមជួយការទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ និងចូលរួមជួយក្នុងការនាំយកពលករខុសច្បាប់មកប្រទេសវិញ ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា
-ភេសជ្ជៈចំនួន៣០កេស
-ទឹកសុទ្ធ៥០កេស
-នំអន្សមជ្រូក១ស្លឹក
-សាច់ជ្រូកស្រស់ ៦០គីឡូក្រាម
-បន្លែស្រស់៥០គីឡូក្រាម
-ម៉ាស់២០ប្រអប់
-អាកុល៦០លីត្រ
-និងថវិកា៦លានរៀល
ជូនដល់កងកម្លាំងខាងលើ សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ៕

អត្ថបទទាក់ទង