រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន និងជួយសង្រ្គោះជនពិការ ដោយសារគ្រាប់មីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន

  • 178
  • ដោយ Admin

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធីបតីភាពក្នុងពិធី ផ្ទេរ-ប្រគល់សមិទ្ធផលគម្រោង សមាហរណកម្ម ការបោសសំអាតមីន និងជួយសង្រ្គោះជនពិការ ដោយសារគ្រាប់មីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មីដំណាក់កាលទី២ ដែលគាំទ្រដោយរាជរដ្ឋាភិបាលជប៉ុន


នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធិផលគម្រោង សមាហរណកម្ម ការបោស សម្អាតមីន និងជួយសង្គ្រោះជនពិការ ដោយសារមីន ដំណាក់កាលទី១ និងការបើកគម្រោងថ្មី ដំណាក់កាលទី២ ដែលគាំទ្រថវិកា ដោយរាជរដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណអនុវិទ្យាល័យ វាលចម្បាំង ដែលស្ថិតនៅក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា សមិទ្ធផល ដែលយើងកំពុងចូលរួមអបអរសាទរនាពេលនេះ គឺមិនអាចកើតមានឡើងដោយចៃដន្យនោះឡើយ ពិតណាស់ទាំងនេះ គឺជាពរជ័យនៃការបញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដី ដោយក្នុងដំណាក់កាលនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយកជីវិតជាដើមទុនអញ្ជើញចុះមកផ្ទាល់នៅក្នុងតំបន់សំឡូតនេះក្នុងឆ្នាំ១៩៩៦ ដើម្បីធ្វើយ៉ាងណាស្វែងរកដំណោះស្រាយ បញ្ចប់សង្គ្រាមបង្ហូរឈាមរវាងខ្មែរនិងខ្មែរ និងផ្តល់ភាពសុខសាន្តជូនប្រជាជន ។


ឯកឧត្តម ឧត្តមសេនីយ៍ឯក បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលបានជួយកម្ពុជារហូតមក ទាំងការចូលរួមក្នុងដំណើរការស្វែងរក និងថែរក្សាសន្តិភាព ព្រមទាំងការស្តារ និងអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ ជាពិសេសការខិតខំចូលរួមចំណែកយ៉ាងសកម្មក្នុងវិស័យបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីលុបបំបាត់ការគំរាមកំហែង ផ្តល់ក្តីសង្ឃឹម និងកសាងទ្បើងវិញនូវអនាគតដ៏រុងរឿងរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកស៊ីម៉ាក់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយក្រៅពីប្រតិបត្តិការនៅក្នុងប្រទេស អង្គភាពបានចូលរួមយ៉ាងសកម្មនៅក្នុងការបង្ហាត់បង្រៀន និងចែករំលែកបទពិសោធន៍នៅក្នុងសហគមន៍អន្តរជាតិផងដែរ៕

អត្ថបទទាក់ទង