រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C

  • 290
  • ដោយ Admin

ឯកឧត្តម សយ សុខាន់ និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C ។

ឯកឧត្តម សយ សុខាន់ បានមានប្រសាសន៍លើកឡើងថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដោយត្រូវដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវការគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ក្រោយពេលដែលអាកាសយានដ្ឋានប្រភេទ4C ចេញជារូបរាង ជាសមិទ្ធផលកើតចេញមក ។

ឯកឧត្តមក៏បានមានប្រសាសន៍ស្នើឲ្យមានសិក្សាឲ្យច្បាស់លាស់អំពីគម្រោងនៃការពង្រីកផ្លូវRunwayដែលត្រូវការទំហំដីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅ ។ ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលិចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ ៕

អត្ថបទទាក់ទង