រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបង

  • 272
  • ដោយ Admin

ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបង ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីរបាយការណ៍លទ្ធផលនៃការស្រង់ព័ត៌មាន ដែលប្រជាពលរដ្ឋកាន់កាប់អាស័្រយផលជាក់ស្ដែងយូរឆ្នាំ នៅក្នុងខេត្តបាត់ដំបង ស្ថិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរកសិកម្ម កងកម្លាំងទាំង៣ លោក លោកស្រីអភិបាលស្រុកពាក់ព័ន្ធ និងមន្រ្ដីរាជការពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខត្តបានត់ដំបង បានមានប្រសាសន៍ណែនាំទៅដល់បណ្ដាស្រុកពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ ត្រូវតែបន្តក្នុងការទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសម្បត្តិធម្មជាតិរបស់រដ្ឋ និងជាពិសេសធ្វើការបង្រ្កាបទៅលើជនណាដែលមានសកម្មភាពបំផ្លិចបំផ្លាញទាក់ទងទៅនឹងបទល្មើសព្រៃឈើ ព្រៃលិចទឹក ដែនអភិរក្សផ្សេងៗ ដោយមិនត្រូវមានការលើកលែងឡើយ គឺត្រូវតែធ្វើការអនុវត្តទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម បានបន្តណែនាំ និងជំរុញដល់ អភិបាលស្រុក មន្រ្ដីជំនាញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែប្ដេជ្ញាចូលរួមសហការឲ្យបានទប់ស្កាត់បទល្មើសនេសាទ នៅតំបន់បឹងទន្លេសាបនៅក្នុងភូមិសាស្រ្ដរបស់ខ្លួន ក្នុងករណីមានបទល្មើសនេសាទ មិនថាទ្រង់ទ្រាយធំឬតូចត្រូវតែធ្វើការទប់ស្កាត់ ដើម្បីរក្សានូវពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបកុំឲ្យបាត់បង់ ។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ទៅដល់មន្រ្ដីណាដែលមានការពាក់ព័ន្ធ ទៅនឹងបទល្មើសខាងលើ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ និងត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ហើយមិនត្រូវធ្វើគេចវេសឡើយ បើពុំនោះទេនឹងត្រូវប្រឈមមុខច្បាប់ដោយមិនត្រូវមានការលើកលែងជាដាច់ខាត ៕

អត្ថបទទាក់ទង