រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម បានថ្លែងអំពាវនាវដល់គ្រីស្ទបរិស័ទ និងអ្នកកាន់ជំនឿសាសនាដ៏ទៃទៀត ឲ្យបន្តរួមគ្នាថែរក្សាសុខសន្តិភាពឲ្យបានគង់វង់

  • 930
  • ដោយ Sotheavy

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការជ្រើសរើសប្រកាន់យក និងមិនរើសអើងនូវជំនឿសាសនា វាគឺជាទុនដ៏ភ្លឺស្វាងសម្រាប់រួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ ។ ហើយទម្រាំយើងមានឱកាសបានមកជួបជុំគ្នាគោរពបូជា គឺដោយសារតែប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ។ ហើយទម្រាំតែប្រទេសជាតិ រកដំណោះស្រាយនូវសុខសន្តិភាពដែលមានថ្ងៃនេះគឺយើងបានប្រើប្រាស់នូវពេលវេលាស្ទើរតែមួយជីវិតមនុស្ស ប្រមាណជិត៥០ឆ្នាំ ។

ការថ្លែងបែបនេះ គឺនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ "ពិធីបុណ្យព្រះយេស៊ូរគ្រីស្ទមានព្រះជន្មរស់ឡើងវិញ" នៅសាលមហោស្រពស្ទឹងសង្កែ ក្រុង-ខេត្ត បាត់ដំបង កាលពីព្រឹក ថ្ងៃទី២១ ខែមេសាឆ្នាំ២០ ១៩នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកឡើងបន្តទៀតថា៖ នៅកម្ពុជាយើងគឺមានសាសនាច្រើន ហើយសាសនាទាំងនេះ តែងតែបានចូលរួមកម្មវិធីនានាជាមួយគ្នា ដោយមិនមានការរើសអើង និងប្រកាន់ជំនឿឬទំនៀមទម្លាប់របស់ខ្លួនឡើយ។កត្តានេះហើយដែលបានបង្ហាញពីសាមគ្គីភាព នឹងជាទុនគ្រឹះដ៏ភ្លឺស្វាង សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកច្រើន ។ ហើយការជួបជុំគ្នារវាងសាសនានានា គឺ៖ ថែមទាំងបានបង្ហាញក្នុងការគោរពយ៉ាងខ្ជាប់ខ្ជួននៃរដ្ឋធម្មនុញ្ញ ដែលបានចែងកន្លងមក ។

សម្តេចក្រឡាហោម ថែមទាំងបានសង្កត់ធ្ងន់ទៀតថា៖ នៅកម្ពុជាយើង មិនមានការរើសអើងនូវជំនឿសាសនានោះទេ​ ។ ក្នុងខណៈដែលប្រទេសមួយចំនួន បានតម្រូវឲ្យប្រព្រឹត្តិតាមសាសនា ឬក៏ទំនៀមទម្លាប់របស់ខ្លួននោះ ។តែកម្ពុជាអនុញ្ញាត្តិឲ្យមានវប្បធម៌មនោគមន៍វិជ្ជាសាសនាចម្រុះមិនមានការរើសអើង ហើយពលរដ្ឋមានសិទ្ធិក្នុងការប្រកាន់នូវជំនឿសាសនា ។ តែសាសនានីមួយៗក៏មិនត្រូវបៀតបៀនគ្នាឡើយ។

សម្ដេចក្រឡាហោម ក៏បានថ្លែងបន្តទៀតថា រាជរដ្ឋាភិបាលសូមអបអរសាទរ និងអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បើទោះបីយើងមានជំនឿសាសនាខុសគ្នា ប៉ុន្តែបងប្អូនបានប្រកាន់យកនូវកម្មវិធីនយោបាយ និងប្រកាន់ខ្ជាប់ការគោរពច្បាប់ទម្លាប់ និងគោរពនូវរដ្ឋធម្មនុញ្ញធ្វើជាគោល ហើយថែមទាំងបានរួមសាម គ្គីគ្នាបានល្អ និងបានបំពេញនូវបេសកកម្មទាំងឡាយដើម្បីជួយដល់សង្គម ដើម្បីមនុស្សធម៌ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ហើយក៏ដើម្បីគ្រួសារ និងបុគ្គលខ្លួនយើងផ្ទាល់ផងដែរ ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប ដែលមានជំនឿសាសនាផ្សេងៗគ្នាត្រូវរូបរួមគ្នា នំាគ្នាថែរក្សាការពារនូវសុខសន្តិភាព ដែលស្ទើរតែពេញមួយជីវិត ទម្រាំតែយើងរកបានដោយលំបាក ។ ត្រូវរួមគ្នាការពារនូវស្ថិរភាពក្នុងប្រទេសឲ្យបានយូរអង្វែងតទៅ ដោយមិនស្ដាប់ ឬក៏លង់ជឿតាមការញុះញង់របស់ជនអគតិមួយចំនួនដែលប៉ុនប៉ងមានបំណង ចង់បំផ្លាញ និងបំបែកបំបាក់ប្រជាពលរដ្ឋឲ្យស្អប់គ្នា លាបពណ៌ដាក់គ្នា រហូតធ្វើឲ្យប្រទេស ជាតិមានភាពចលាចលនោះទេ ។

នុងឱកាសនេះដែរ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណដល់គ្រប់ជំនឿសាសនាទាំងអស់ ដែលកន្លងមក បានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើនក៏ដូចជាជួយធ្វើការងារមនុស្សធម៌ដែល ខ្លួនបានធ្វើសកម្មភាពជួយឲ្យប្រជាពលរដ្ឋកម្ពុជាមានជីវភាពបានកាន់តែប្រសើរឡើងជាងមុន ៕
អ៊ុក សំអាន

អត្ថបទទាក់ទង