សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តំណាក់កាលទី២
ព្រឹកថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១ - ២០៣០) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ប្រារព្ធនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងស្ថាប័ន្ថពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត មន្ត្រីបច្ចេកទេស និងមន្ត្រីជំនាញប្រមាណ៣០០នាក់ និងអ្នកចូលរួមតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom) ប្រមាណ ៧.០០០នាក់ ដែលរួមមានថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា។
ក្នុងពិធីប្រកាសផ្សព្វផ្សាយនេះមានគោលបំណងដើម្បីបង្ហាញអំពីសមិទ្ធផលនិងបញ្ហាប្រឈមនៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអនុវត្តតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ (២០១០ -២០២០) ព្រមទាំងផ្សព្វផ្សាយអំពីចក្ខុវិស័យ គោលបំណង គោលដៅ សមិទ្ធផលរំពឹងទុក និងបេសកកម្មនៃកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០)។