រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង

  • 380
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋាន ជួសជុលក្រាលកៅស៊ូ ប្រភេទ DBST ប្រវែង៣,២០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅកំណាត់ផ្លូវខេត្តលេខ ១៥៧A ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានលើកឡើងថា បន្ទាប់ពីការងារជួសជុលនេះរួច កំណាត់ផ្លូវមួយនេះជាចំណងដ៏ពិសិដ្ឋដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឲ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យ ឲ្យកាន់តែរីកចម្រើន សំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសសង្គមឈានទៅរកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ លោកបានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ជួយធ្វើការលះបង់ និងចូលរួមរុះរើរបង កាប់ដើមឈើ ឬកាប់ឆ្កាព្រៃដែលនៅជាប់នឹងចំណីផ្លូវ ដើម្បីបង្កលក្ខណៈឲ្យស្ថានភាពផ្លូវថ្នល់ កាន់តែមានភាពធំទូលាយ និងងាយស្រួលដល់ក្រុមការងារក្នុងការបំពេញភារកិច្ច ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នេះគឺជាសមិទ្ធផលមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការឆ្លងកាត់ ដឹកជញ្ជូនពីភូមិសាស្រ្ដស្រុកសង្កែ មកស្រុកបាណន់ ដោយប្រើរយៈពេលខ្លីជាងមុន ហើយទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនតទៅមុខ ។

ឯកឧត្តមបានបន្តទៀតថា នៅពេលខាងមុខ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក នឹងរៀបចំវេទិកាសាធារណៈនៅតាមភូមិ ឃុំដែលប្រជាពលរដ្ឋរស់នៅ ហើយប្រជាពលរដ្ឋត្រូវតែមានភាពក្លាហានក្នុងការនិយាយ សំណូមពរ និងលើកជាបញ្ហាប្រឈមនានាដែលបានកើតឡើងនៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ក្នុងន័យដើម្បីបង្កើនការដោះស្រាយជាមួយប្រជាពលរដ្ឋ ឬកែលម្អស្ថាបនាក្រោយពេលដែលទទួលបាននូវមតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋ ។

ឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើ និងជំរុញដល់ប្រជាពលរដ្ឋក្នុងការួសរាន់ចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ឬដូសទី៣ ព្រោះឥឡូវនេះ ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតែជាបញ្ហាដែលកំពុងគំរាមកំហែងនៅក្នុងសហគមន៍ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមក្នុងការកាត់ផ្ដាច់ការឆ្លងជាសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះ ព្រោះដូសជំរុញគឺជាអាវក្រោះការពារមិនឲ្យឆ្លង ឬមិនមានអាការៈធ្ងន់ធ្ងរកើតឡើង ឬឆាប់ជាសះស្បើយ កាត់បន្ថយអាត្រាការស្លាប់ឲ្យនៅបានទាបជាងមុននៅពេលដែលបានឆ្លងក៏ដោយ ៕

អត្ថបទទាក់ទង