រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង

  • 527
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្រ្ដីរាជការចំណុះក្នុងរចនាសម្ព័ន្ធមន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខតំណែងគ្រប់គ្រងក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

នាឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់មន្រ្ដីរាជការ ដែលទើបតែប្រកាសចូលកាន់មុខតំណែង និងភារកិច្ចថ្មី ដែលនេះកើតឡើងដោយសារការវាយតម្លៃយ៉ាងមុតចត់ពីគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ហើយបន្ទាប់ពីទទួលភារកិច្ចថ្មីហើយ សូមបន្តខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាពិសេសបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពថ្នាក់ដឹកនាំរបស់ខ្លួន និងត្រូវគេចឲ្យឆ្ងាយនូវគំនិតញ៉ុះញ៉ុង អុចអាលអ្នកដទៃក្នុងចេតនាបង្កភាពបែកបាក់សាមគ្គីផ្ទៃក្នុង ។ ឯកឧត្តម បានបន្តទៀតថា សព្វថ្ងៃនេះមន្រ្ដីរាជការ នៅតាមស្ថាប័ននានាមិនខ្វះទេ ក៏ប៉ុន្តែគឺអ្នកធ្វើការ ដោយអ្នកខ្លះមិនខិតខំប្រឹងប្រែង ខ្វះការយកចិត្តទុកដាក់ក្នុងការងារ ឬអវត្តមានជាដើម ដែលជាហេតុធ្វើឲ្យខ្វះអ្នកធ្វើការ ដូចនេះថ្នាក់ដឹកនាំនៃស្ថាប័ននីមួយៗ ត្រូវពង្រឹងឥរិយាបថមន្រ្ដីរបស់ខ្លួន ពិសេសត្រូវពង្រឹងនូវសមត្ថភាពរបស់មន្រ្ដីរបស់ខ្លួន សិក្សាស្រាវជ្រាវ ដូចជាការស្វែងយល់ពីលិខិតបទដ្ឋានថ្មីៗ ឬច្បាប់មួយចំនួនដែលត្រូវរាជរដ្ឋាភិបាលបានកែសម្រួលថ្មីៗនេះ ។

ឯកឧត្តម បានបញ្ជាក់បន្តទៀតថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី អូមីក្រុង ទើបធ្វើឲ្យការរៀបចំកម្មវិធីត្រូវបានកាត់បន្ថយចំនួនអ្នកចូលរួម ដោយត្រូវចូលរួមតាមរយៈផ្ទាល់ផង និងតាមរយៈប្រព័ន្ធបញ្ជូនរូប និងសម្លេងផង ដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ។ ឯកឧត្តមបានបន្តទៀតថា ទោះបីជាមានការផ្ទុះក្នុងសហគមន៍ច្រើនក៏ដោយ ក៏មិនមានផែនការក្នុងការបិទអាជីវកម្មមួយចំនួនដូចកាលពីមុនឡើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជា បានចេញយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឲ្យមានភាពស៊ាំនឹងជំងឺនេះ ដូចនេះសូមមន្រ្ដីរាជការចូលរួមធ្វើការណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដោយជំរុញគាត់ទៅទទួលការចាក់វ៉ាក់សាំង ដូសជំរុញឬដូសទី៣បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍ ព្រោះវ៉ាក់សាំងជួយប្រជាពលរដ្ឋឲ្យឆ្លងផុតពីការឆ្លងផង ឬជួយសង្រ្គោះប្រជាពលរដ្ឋនូវអាត្រាស្លាប់ឲ្យកាន់តែទាប និងឆាប់ជាសះស្បើយពេលដែលឆ្លងនូវជំងឺនេះផងដែរ ៕

អត្ថបទទាក់ទង