ព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២៥៤ គ្រួសារ នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ។
ពីធីចែកអំណោយមនុស្សធម៌នេះ ក៏មានការអញ្ជើញចូលរួម ពី ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការសាខាខេត្ត ប្រធានមន្ទីរ អង្គភាព និងសប្បុរសជន ព្រមទាំង អាជ្ញាធរ សមត្ថកិច្ច ស្រុក ឃុំបានអញ្ជើញចូលរួម ។
អំណោយដែលបានចែកជូនរួមមាន ក្នុងមួយគ្រួសារទទួលបាន៖១.អង្ករ ១ ចំនួនការ៉ុង ២.មី ចំនួន១ កេស ៣.ត្រីខ ចំនួន ១ យួរ៤.ទឹកបរិសុទ្ធវីឃែរ ចំនួន ១ កេស ៥.ទឹកត្រី ចំនួន១ យួរ ៦.ទឹកស៊ីអុីវ ចំនួន ១ យួរ ៧.ជេលលាងដៃ ចំនួន ១ដប
ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានមានប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលទោះបីជាសម្ដេចមិនបានអញ្ជើញមកផ្ទាល់ក្ដី តែសម្ដេចក៏នៅតែគិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលជានិច្ចជាកាល ជាពិសេសប្រជាពលរដ្ឋរងគ្រោះផ្សេងៗ ដែលត្រូវការជំនួយ សម្ដេចតែងតែខិតខំស្វែងរកនូវធនធាននានាពីសប្បុរសជន ដើម្បីជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះផងដែរ ។
ឯកឧត្តម បានមានប្រសាសន៍ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាអាណាព្យាបាល ត្រូវតែបន្តអប់រំកូនចៅរបស់ខ្លួន ឲ្យបន្តចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពតាមដងផ្លូវ និងដើម្បីកុំឲ្យមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតមានជាបន្តបន្ទាប់ធ្វើឲ្យរបួស និងបាត់បង់ជីវិត ឬពិការជាដើម ជាពិសេសចៀសវាងឲ្យឆ្ងាយអំពីគ្រឿងញៀន កុំចង់សាកល្បងឲ្យសោះ ព្រោះគ្រឿងញៀន ក៏ជាធាតុមួយបង្កឲ្យមានអស្ថិរភាពក្នុងសង្គម បង្កើតជាហិង្សា អំពើកាប់សម្លាប់ ចោរលួចប្លន់ជាដើម ។
ឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ ដើម្បីចូលរួម និងកាត់ផ្ដាច់ការឆ្លងជាសហគមន៍ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលយ៉ាងឆាប់រហ័សក្នុងសហគមន៍ និងពិភពលោក និងបន្តរក្សាអនាម័យខ្លួនប្រាណ ដើម្បីកុំឲ្យមានការឆ្លងជំងឺផ្សេងៗដែលកើតឡើងដោយកង្វះអនាម័យខ្លួនប្រាណ ៕ Wood fired Hot tubs