នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកប័ណ្ណសរសើរ និងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្ស ដែលបានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២០-២០២១ សម្រាប់សិស្សានុសិស្សនៃសាលាបញ្ញាសាស្រ្ដអន្តរជាតិ ។ គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ទូទាំងខេត្តបាត់ដំបងទាំងអស់ ក្នុងនោះ សិស្សានុសិស្សមកពីសាលាបញ្ញាសាស្រ្ដអន្តរជាតិ បានប្រឡងជាប់ចំនួន៥៩នាក់ ក្នុងនោះ
-សិស្សនិទ្ទេសAចំនួន១១នាក់
-សិស្សនិទ្ទេសB ចំនួន១០នាក់
-សិស្សនិទ្ទេសCចំនួន៧នាក់
-សិស្សនិទ្ទេសDចំនួន១៥នាក់
-សិស្សនិទ្ទេសEចំនួន១៦នាក់
នាឱកាសនោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ អបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់ជាស្ថាពរសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលជាគឺជាជំហានដំបូងនៃការជោគជ័យក្នុងជីវិតសិក្សា ។ ឯកឧត្តម បានបន្តទៀតថា ភាពជោគជ័យរបស់សិស្សានុសិស្សនាពេលនេះ មិនមែនកើតឡើងដោយឯកឯងឡើយ គឺកើតឡើងដោយការខិតខំរៀនសូត្រកន្លងមក ហើយមួយចំណែកទៀតដែលធ្វើឲ្យសិស្សានុសិស្សទាំងអស់បានទទួលជោគជ័យគឺ មាតាបិតា និងលោកគ្រូ អ្នកគ្រូ ដែលលោកទាំងអស់គ្នាខិតខំខ្លាំងណាស់ ប្រកបមុខរបរផ្សេងៗ ដើម្បីផ្គត់ផ្គង់គ្រួសារ អាចឲ្យកូនៗបានសិក្សារៀនសូត្របាន ហើយលោកគ្រូអ្នកគ្រូ បានខិតខំបង្រៀន និងស្វែងរកវិធីសាស្រ្ដគ្រប់បែបយ៉ាង ដើម្បីឲ្យសិស្សបានយល់ បានដឹងផងដែរ ។ ឯកឧត្តម បានណែនាំដល់សិស្សានុសិស្ស ឲ្យបន្តខិតខំរៀនសូត្របន្ថែមទៀត ទាំងផ្នែកភាសា និងជាពិសេសពេលចូលដល់ឧត្តមសិក្សា ត្រូវជ្រើសរើសជំនាញដែលខ្លួនស្រឡាញ់ពេញចិត្ត ហើយត្រូវយកជំនាញដែលខ្លួនបានរៀននោះ ទៅអនុវត្តក្នុងសង្គមដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ ។
ឯកឧត្តម បានក្រើនរំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល ចូលរួមពង្រឹងសំអាតនូវបរិស្ថាន អនាម័យជុំវិញគេហដ្ឋាន ក៏ដូចជាបរិស្ថានសាធារណៈក្នុងក្រុង ដោយចេះទុកដាក់កាកសំណល់សំរាមឲ្យមានរបៀបរៀបរយ បោះសំអាតជាប្រចាំ ដើម្បីឲ្យសោភ័ណភាពក្នុងក្រុងបាត់ដំបងកាន់តែស្រស់បំព្រង ទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ឯកឧត្តម បានក្រើនរំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល លោកគ្រូ អ្នកគ្រូទាំងអស់ ដែលមិនទាន់បានទទួលចាក់វ៉ាក់សាំង សូមរួសរាន់ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ នៅតាមមណ្ឌលចាក់វ៉ាក់សាំងដែលរដ្ឋបាលខេត្ត ក្រុង ស្រុក បានរៀបចំ ដើម្បីចូលរួម និងកាត់ផ្ដាច់ការឆ្លងជាសហគមន៍ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩បម្លែងថ្មីអូមីក្រុង ដែលកំពុងរីករាលយ៉ាងឆាប់រហ័សក្នុងសហគមន៍ និងពិភពលោក ៕