រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមពិធីសំណេះសំណាល និងដំឡើងផ្ទាំងប៉ាណូអប់រំ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (គ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម) នៅបរិវេណវិទ្យាល័យកំរៀង ស្រុកកំរៀង

  • 721
  • ដោយ Admin

នៅរសៀលថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីសំណេះសំណាល និងតម្លើងផ្ទាំងប៉ាណូអប់រំ ការយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (គ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាម) ក្រោមអធិបតីភាព ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកម្មវិធីប្រារព្ធទៅនៅវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដារ ស្រុកកំរៀង ខេត្តបាត់ដំបង ។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ក្រោយពីសង្រ្គាមបានបញ្ចប់ទៅនោះ ខេត្តបាត់ដំបង បានបន្សល់ទុកនូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន ដែលនៅកប់រាយប៉ាយក្នុងតំបន់រស់នៅ និងបង្កឧបសគ្គក្នុងដំណើរការស្ដារ កសាង និងអភិវឌ្ឍន៍ ធ្វើឲ្យមានការប៉ះពាល់ការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅតែបន្តគំរាមកំហែងជារឿយៗ មកលើអាយុជីវិតមនុស្ស សត្វ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តទៀតថា ដោយផ្អែកទៅលើបញ្ហាប្រឈមទាំងនេះ យើងមានប្រតិបត្តិការបោសសំអាតមីនរួមមាន អង្គភាពCMAC អង្គការMAG អង្គការHALO-trust និងប្រតិបត្តិករនានាដែលកំពុងធ្វើសកម្មភាពប្រែក្លាយតំបន់គ្រោះថ្នាក់ដ៏គួរឲ្យភ័យខ្លាច ឲ្យទៅជាភូមិសាស្រ្ដដែលប្រកបដោយសន្ដិសុខផ្ដល់នូវសេចក្ដីសុខសាន្ដ ជូនដល់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ជាលទ្ធផលខេត្តបាត់ដំបង នៅសល់តំបន់សង្ស័យមានមីន ដែលយើងបានដឹងសរុបទូទាំងខេត្តប្រមាណ ១១,០០០ហិកតាទៀត ត្រូវបន្តដោះស្រាយឲ្យអស់នៅឆ្នាំ២០២៥ តាមការកំណត់នៃផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន (២០១៨-២០២៥) ។

ឯកឧត្តម លី ធុច ទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានមានប្រសាសន៍ថា ចំពោះការងារសំអាតគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាការងារដែលសំខាន់បំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែង ដើម្បីដោះស្រាយក្នុងការបោសសំអាតមីនឲ្យអស់តាមការកំណត់នៅឆ្នាំ២០២៥ ព្រោះបញ្ហាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ បានបង្កជាហានិភ័យដល់ប្រជាពលរដ្ឋ ពិសេសប្រជាកសិករ បណ្ដាលឲ្យបាត់បង់អាយុជីវិត ពិការជាដើម ។ ឯកឧត្តម បានបន្តទៀតថា ខេត្តបាត់ដំបងជាខេត្តគោលដៅមួយ ដែលត្រូវធ្វើការសំអាតគ្រាប់មិនទាន់ផ្ទុះដែលកប់នៅក្នុងដី ហើយរាជរដ្ឋាភិបាលខិតខំគៀងគរខាងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ជំនាញ ពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្ត ដើម្បីដោះស្រាយបញ្ហាគ្រាប់មីននៅខេត្តបាត់ដំបងនេះតែម្ដង ៕

អត្ថបទទាក់ទង