នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អញ្ជើញជួបសំណេះសំណាល និងប្រគល់ជូនប័ណ្ណសរសើរ ព្រមទាំងមេដាយ ជូនដល់សិស្សជ័យលាភីថ្នាក់ជាតិរបស់ក្រុមសិស្សនៃសាលាចំណេះទូទៅអន្តរជាតិ ឌូវី ពីការប្រកួតប្រជែងគម្រោងរ៉ូបូតអូឡាំព្យាដ(WRO Cambodia 2021) ។ ការប្រកួតប្រជែងគម្រោងរ៉ូបូតអូឡាំព្យាដ (WRO Cambodia 2021) បានប្រារព្ធនៅថ្ងៃទី២៧ ខែសីហា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងមកនេះ ដែលអនុញ្ញាតិឲ្យសិស្សានុសិស្សទូទាំងប្រទេសចូលរួមប្រកួតប្រជែងលើប្រធានវិញ្ញាសា PowerBots (អនាគតនៃថាមពល) ដោយក្នុងនោះ មានបេក្ខនារីចំនួន៣នាក់ ដែលជាសិស្សសាលាចំណេះដឹងទូទៅ ឌូវី បានទទួលជ័យលាភីជើងឯករងនៃការប្រកួតប្រជែងគម្រោងរ៉ូបូតអូឡាំព្យាដ លើវិញ្ញាសាសេរី អនាគតនៃថាមពល កម្រិតសិស្សប្អូន ។
បេក្ខនារីដែលជាប់ជ័យលាភីជាជើងឯករង មានដូចជា
១.បេក្ខនារី ហាក់ ស្រីនូ
២.បេក្ខនារី ឆោម ឆាយហេង
៣.បេក្ខនារី ញ៉ែម ស្រីហ៊ន
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលដល់សិស្សានុសិស្សទាំងអស់កន្លងមកនេះ និងថ្លែងការកោតសរសើរដល់បេក្ខជន បេក្ខនារី ដែលអាចទទួលបានជ័យលាភី ទោះបីជាជើងឯករងក៏ដោយ ក៏បានជួយលើកកិត្តិយសដល់ខេត្តបាត់ដំបងផងដែរ ។ ឯកឧត្តម បានមានប្រសាសន៍ជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងរៀនសូត្រឲ្យបានកាន់តែខ្លាំងទៅមុខទៀត ដើម្បីអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសនានានៅលើសកលលោកផងដែរ ៕