រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំនៅអនុវិទ្យាល័យ វត្តដំរីស និងវិទ្យាល័យនេតយ៉ង់ក្រុងបាត់ដំបង ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដំណើរការសាលាឡើងវិញ ចំពោះតំបន់ដែលមានហានិភ័យទាប

  • 918
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យដំណើរការបង្រៀន និងរៀនតាមបណ្ដុំ នៅអនុវិទ្យាល័យវត្តដំរីស និងវិទ្យាល័យ នេតយ៉ង់ សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ ដោយរដ្ឋបាលខេត្តបាត់ដំបង បានជ្រើសរើសថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីបើកការសិក្សានៅសាលាផ្ទាល់ ក្រោយពេលដែលក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យដំណើរការសាលាឡើងវិញ ចំពោះតំបន់ដែលមានហានិភ័យទាប និងសាលាដែលបានរៀបចំតាមស្ដង់ដារ SOP របស់ក្រសួងសុខាភិបាល ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទន្ទឹមនឹងក្មួយៗសិស្សានុសិស្សសប្បាយរីករាយនឹងការបើកដំណើរការចូលរៀននៅសាលាឡើងវិញក៏ដោយ ក៏មិនត្រូវធ្វើឲ្យមានការធ្វេសប្រហែសក្នុងការការពារ ការឆ្លងជំងឺកូវីដ-១៩ឡើយ បើទោះបីសិស្សានុសិស្សទាំងអស់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទាំង២ដុសរួចហើយក៏ដោយ ។

ឯកឧត្តម បានណែនាំដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវតែរៀបចំអនាម័យឲ្យបានស្អាតគ្រប់ពេលវេលា ជាពិសេសការពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងជាប់លាប់ ការរៀបចំកន្លែងសម្អាតដៃ ការវាស់កំដៅជាដើម ព្រោះដើម្បីចូលរួមទប់ស្កាត់ការឆ្លងនូវជំងឺកូវីដ-១៩ ដែលកំពុងតែផ្ទុះរីករាលដាលក្នុងសហគមន៍ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ទើបដំណើរការនៃការសិក្សានៅតាមសាលារៀនអាចប្រព្រឹត្តទៅបានដោយរលូន និងអាចបន្តបើកដំណើរការសិក្សាដល់ថ្នាក់ផ្សេងៗជាបន្តបន្ទាប់ទៀត ៕

អត្ថបទទាក់ទង