រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលស្រុកកំរៀងបានកំណត់តំបន់ផ្សារ ខេអឌី ជាតំបន់ក្រហម ក្រោយពីការរកឃើញមានឆ្លងជាសហគមន៍នូវជំងឺកូវីដ-១៩ ដល់អាជីវករក្នុងផ្សារ

  • 1.4ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងតំបន់ផ្សារ ខេអឌី និងអ្នករស់នៅជុំវិញតំបន់ផ្សារ និងការយកសំណាក ពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ក្រោយពីរកឃើញការឆ្លងរីករាលដាលជាសហគមន៍នូវជំងឺកូវីដ-១៩ ដល់អាជីវករក្នុងផ្សារ ដែលរដ្ឋបាលស្រុកកំរៀងបានកំណត់តំបន់ផ្សារ ខេអឌី ជាតំបន់ក្រហម ដោយធ្វើការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពលក់ដូរ ការចេញចូលផ្សារ និងការជួបជុំផ្សេងៗ ចាប់ពីពេលនេះ រហូតដល់មានការជូនដំណឹងសារជាថ្មីនាពេលក្រោយ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ណែនាំបន្ថែមដល់រដ្ឋបាលស្រុកកំរៀង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យនូវរាល់សកម្មភាពនៃការចេញចូល របស់ក្រុមអាជីវករ និងអ្នករស់នៅក្នុងតំបន់ជុំវិញទីតាំងផ្សារ ខេអឌី ទាំងអស់ឲ្យបានហ្មត់ច់ ដើម្បីកុំឲ្យមានការដើរចេញចូល នាំឲ្យមានការឆ្លងជំងឺកូវីដ-១៩បន្តទៅក្នុងសហគមន៍ដទៃទៀត ។

ឯកឧត្តម បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមសហការជាមួយរដ្ឋបាលស្រុកកំរៀង មន្ត្រីជំនាញ និងសមត្ថកិច្ច បើមានការពាក់ព័ន្ធជាមួយក្រុមអាជីវករនិងអ្នកនៅជុំវិញតំបន់ផ្សារ ខេអឌី សូមរួសរាន់យកសំណាកពិនិត្យរកវីរុសកូវីដ១៩ ឱ្យបានទាន់ពេលវេលា ។ អ្វីដែលសំខាន់ជាងនេះទៀតនោះសូមបន្តការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អនុវត្តនូវវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីបុគ្គលខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិយើងបានឆ្លងផុតពីការឆ្លងជំងឺកូវីដ១៩ ៕

អត្ថបទទាក់ទង