រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀនក្រអូប និងតាង៉ែនចំនួន៥តោន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរ អង្គភាពជុំវិញខេត្ត

  • 622
  • ដោយ Admin

នៅព្រឹកថ្ងៃចន្ទ ៧រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់នូវផ្លែមៀនក្រអូប និងតាង៉ែន(មៀនប៉ៃលិន)៥តោន ជូនដល់រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរអង្គភាពជុំវិញខេត្ត ដោយតាមរយៈឯកឧត្តម សួស យ៉ារ៉ា តំណាងឲ្យឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលការប្រគល់ជូននេះ ប្រព្រឹត្តទៅនៅបរិវេណសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមកពីមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ជានិច្ចកាលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានយកចិត្តទុកដាក់ខ្ពស់ពីជីវភាពរស់នៅ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សម្ដេចតែងតែបានណែនាំជំរុញដល់អាជ្ញាធរ រាជធានីខេត្ត-ក្រុង-ស្រុក មន្ត្រីរាជការកងកម្លាំងសមត្ថកិច្ចជួរមុខ ដែលកំពុងបំពេញបេសកកម្មជួយអាយុជីវិតរបស់ប្រជាពលរដ្ឋទូទៅបានល្អប្រសើរ ។ ឯកឧត្តម បានបន្តទៀតថា ជាក់ស្ដែងពេលនេះមិនត្រឹមតែបានយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាការពារសុខុមាលភាព អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបរិបទនៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះប៉ុណ្ណោះទេ សម្តេចទាំងទ្វេ ថែមទាំងបានបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទិញផ្លែមៀន ផ្លែតាង៉ែន ដ៏ឆ្ងាញ់ពិសារពីកសិករខ្មែរដែលកំពុងជួបបញ្ហាប្រឈមខ្វះទីផ្សារ សំដៅជួយសម្រាលដើមទុន និងដើម្បីជួយជំរុញលើកទឹកចិត្តដល់កសិករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការងារជួរមុខ និងប្រជាពលរដ្ឋអ្នកជំងឺ និងអ្នកកំពុងធ្វើចត្តាឡីស័កទៀតផង។

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងតំណាងឲ្យរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តបាត់ដំបង បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រកបដោយទឹកចិត្តមនុស្សធម៌ គុណធម៌ដ៏ថ្លៃថ្លាប្រពៃ និងសូមគោរពជូនពរសម្ដេចទាំងទ្វេមានសុខភាពល្អ អាយុយឺនយូរ ដើម្បីដឹកនាំប្រទេសកម្ពុជា មានសុខសន្តិភាពយូរអង្វែង និងការអភិវឌ្ឍរីកចម្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពធូធារបស់ប្រជាពលរដ្ឋទៅអនាគតបន្តទៀតផងដែរ ៕

អត្ថបទទាក់ទង