នៅរសៀលថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ជីវភាព ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
អំណោយដែលត្រូវចែកជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី ទឹកស៊ីអីវ១យួរ ម៉ាសមួយប្រអប់ ជែលលាងដៃ១ដប សម្រាប់ប្រជាពលរដ្ឋ៤៥គ្រួសារ ដែលមានជីវភាពខ្វះខាត និងក្រុមគ្រួសារស្ថិតក្នុងតំបន់ក្រហម ដែលបានបិទខ្ទប់កន្លងមក នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
មានប្រសាសន៍នាក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ បាននាំយកប្រសាសន៍ផ្ដាំផ្ញើដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចក្រឡាហោម សខេង ដែលសម្ដេចតែងតែគិតគូរជានិច្ចដល់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ដោយក្នុងនោះបានណែនាំដល់ក្រុមការងារចុះជួយខេត្តបាត់ដំបង ឲ្យធ្វើការស្វែងរកអ្នកដែលមានបញ្ហាជីវភាពកំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ហើយសម្ដេចនឹងធ្វើផ្ដល់ជូនជាស្បៀង ថវិកា ឬគ្រឿងឧបភោគបរិភោគ តាមរយៈរដ្ឋបាលខេត្តបាត់ដំបង ឬក្រុមការងារចុះជួយខេត្ត ជូនដល់ប្រជាពលរដ្ឋ ដើម្បីអាចធ្វើការដោះស្រាយជីវភាពបានមួយគ្រាផងដែរ ។
ឯកឧត្តម ងួនរតនៈ បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឲ្យបន្តចូលរួមអនុវត្ត៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងវិធានការរបស់រដ្ឋបាលខេត្តបាត់ដំបងឲ្យបានខ្ជាប់ខ្ជួន លុបបំបាត់សកម្មភាពនានា ដែលអាចបង្កឲ្យមានការឆ្លងរីករាលដាលជាសហគមន៍ នៅពេលដែលប្រជាពលរដ្ឋអនុវត្តវិធានការ៣កុំ៣ការពារ បានខ្ជាប់ខ្ជួនហើយ សភាពការណ៍នៅក្នុងខេត្តនឹងប្រែជាល្អប្រសើរ ហើយដំណើរការអាជីវកម្ម ការលក់ដូរ មុខរបរ ក៏អាចនឹងដំណើរបាន ប្រជាពលរដ្ឋនឹងដោះស្រាយជីវភាពបានយ៉ាងល្អប្រសើរផងដែរ ៕