នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលអំណោយជាសម្ភារប្រើប្រាស់ក្នុងការងារទូទៅសម្រាប់រដ្ឋបាល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្ដេចតេជោហ៊ុនសែន ។
អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន កុំព្យូទ័រយួរដៃ ចំនួន៧៨ គ្រឿង ម៉ាស៊ីន Printer ចំនួន៧៨ គ្រឿង វិទ្យុទាក់ទង ចំនួន១៩៥ គ្រឿង និងម៉ាស៊ីនភ្លើង ចំនួន១៣ គ្រឿង ត្រូវបានប្រគល់ជូនដល់រដ្ឋបាលស្រុកទាំង១៣នៃខេត្តបាត់ដំបង លើកលែងតែស្រុករុក្ខគិរី ដែលបានប្រគល់រួចហើយ កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ ដោយស្រុក ក្រុង នីមួយៗទទួលបានកុំព្យូទ័រយួរដៃចំនួន៦គ្រឿង ម៉ាស៊ីនPrinter ចំនួន៦គ្រឿង វិទ្យុទាក់ទងចំនួន១៥គ្រឿង និងម៉ាស៊ីនភ្លើងចំនួន១គ្រឿង ព្រមទាំងថវិកាចំនួន១លានរៀលផងដែរ ។
ពិធីប្រគល់ និងទទួលសម្ភារប្រើប្រាស់របស់សម្តេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះបានធ្វើឡើងនៅក្នុងបរិវេណទីស្នាក់ការបណ្តោះអាសន្នក្រុមការងារទទួលទិញផ្លែតាង៉ែនពីកសិករ នៅទីលានបាល់ទាត់វាលបែកចាន ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្តាំផ្ញើរ និងក្រើនរំលឹកដល់ រដ្ឋបាលស្រុកក្រុងទាំងអស់ត្រូវរួមគ្នាខិតខំពង្រឹង ស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែល្អប្រសើរ ។
ឯកឧត្តម ងួន រតនៈ បានប្រសាសន៍ថ្លែងនូវការដឹងគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេច តែងតែយកចិត្តទុកដាក់គិតគូរ ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងគ្រាដ៏លំបាកគ្រប់កាលៈទេសៈ ហើយសម្ដេចក៏នៅតែបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់ជាសម្ភារប្រើប្រាស់សម្រាប់រដ្ឋបាលស្រុក ក្រុងទាំង១៤ របស់ខេត្តបាត់ដំបង នាពេលនេះ ដើម្បីលើកកម្ពស់ដល់ការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសហគមន៍ឱ្យបានទាន់ពេលវេលា ស្របតាមតម្រូវការជាក់ស្តែង ដែលប្រជាពលរដ្ឋចង់បាន ៕