រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញអធីបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុកសំពៅលូន ខេត្តបាត់ដំបង

  • 724
  • ដោយ Admin

នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទីី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ គង់ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោកអភិបាល នៃគណៈអភិបាលស្រុកសំពៅលូន ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងលោក ហម សំខាន់ ឋានន្តរស័ក្ដិវរមន្រ្ដី ថ្នាក់លេខ២ ជាអភិបាល នៃអភិបាលស្រុកសំពៅលូន ។

នៅក្នុងពិធីតែងតាំងចូលកាន់មុខតំណែងថ្មីនេះ ក៏មានការអញ្ជើញចូលរួម ដោយលោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្ដីរាជការមួយចំនួនផងដែរ ។

ក្នុងនោះលោក ហម សំខាន់ អភិបាល នៃគណៈអភិបាលស្រុកសំពៅលូនថ្មី បានឡើងអាននូវសេចក្ដីប្ដេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្ដេជ្ញាចិត្តក្នុងការបម្រើជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយបន្តការថែរក្សាសុខសន្ដិភាព និងសណ្ដាប់ធ្នាប់សាធារណៈសង្គម នៅមូលដ្ឋានស្រុកសំពៅលូនទាំងមូល ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ លើកទឹកចិត្តដល់រដ្ឋបាលស្រុក ដែលមានអភិបាល នៃគណៈអភិបាលស្រុកថ្មីដែលទើបតែតាំងនេះ បន្តធ្វើសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុន ធ្វើយ៉ាងណាផ្ដល់សេវាដល់គាត់ឲ្យចំបេះដូងប្រជាពលរដ្ឋតែម្ដង ដូចជាក់ស្ដែងនៅស្រុកសំពៅលូន បានដោះស្រាយបញ្ហាដីធ្លីបានយ៉ាងល្អ ដែលបញ្ហាដីធ្លីនេះជាបញ្ហាដែលប្រៀបបានជាជំងឺរ៉ាំរ៉ៃ ស្មុគស្មាញពិបាកនឹងដោះស្រាយ ដូច្នេះរដ្ឋបាលស្រុកត្រូវតែបន្តដោះស្រាយជូនប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តទៀតថា បើទោះបីជាមានការផ្លាស់ប្ដូរមុខតំណែងអភិបាលស្រុកថ្មី ហើយរបៀបរបបនៃការគ្រប់គ្រងខុសគ្នា ដោយសារបរិបទសង្គមខុសគ្នា តែគោលដៅតែមួយគឺបន្តអនុវត្តឲ្យសមស្របទៅតាមកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាល និងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅមុខ ។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា រដ្ឋបាលស្រុកត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ គ្រប់គ្រងនូវរាល់សកម្មភាពទាំងឡាយណា ដែលបង្កឡើងដោយការញុះញ៉ុង អុចអាល ក្នុងន័យបំផ្លិចបំផ្លាញសុខសន្ដិភាពប្រជាពលរដ្ឋ ដោយរដ្ឋបាលស្រុកត្រូវធ្វើការបកស្រាយព័ត៌មានពិតជូនប្រជាពលរដ្ឋ បើសិនមានសកម្មភាពខាងលើកើតឡើង ។ ឯកឧត្តម ងួន រតនៈ បានជំរុញឲ្យរដ្ឋបាលស្រុក បន្តតាមដាន និងយកចិត្តទុកដាក់ឲ្យបានខ្លាំងទៅលើការហូរចូលមកនូវពលករដែលមកពីប្រទេសថៃ ដើម្បីបន្តទប់ស្កាត់ការរីករាលដាលកូវីដ-១៩ ជាពិសេសគឺកូវីដ-១៩ប្រភេទ Delta ដែលកំពុងតែផ្ទុះខ្លាំងនៅឯប្រទេសថៃ ហើយរដ្ឋបាលស្រុកត្រូវរៀបចំឲ្យបានរួចជាស្រេច ទាំងសម្ភារៈ ទាំងឧបករណ៍ ទីកន្លែងចត្តាឡីស័ក និងព្យាបាល ព្រមទាំងក្រុមគ្រូពេទ្យ ដើម្បីកុំឲ្យមានភាពយឺតយ៉ាវ ធ្វើឲ្យយុទ្ធនាការនៃការទប់ស្កាត់ជំងឺនេះទទួលបរាជ័យ បង្កឲ្យមានការផ្ទុះជាសហគមន៍ធ្ងន់ធ្ងរ ៕

អត្ថបទទាក់ទង