ប្រជាកសិករខ្មែរយើងភាគច្រើនតែងប្រកបមុខរបរកសិកម្ម គឺស្រែ ដាំបន្លែ ផ្លែ ឈើ ដំណាំឆ្លងកាត់ តាមរដូវកាល តាមចំណង់ចំណូលចិត្ត ឬ តំរូវការរៀងៗខ្លួន ។ ដោយឡែក គ្រួសារកសិករមួយដែនប្តីឈ្មោះ យឿត ភា អាយុ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ឆប ធឿត អាយុ៤៤ ឆ្នាំ រស់នៅភូមិសំពៅកើតឃុំភ្នំសំពៅស្រុកបាណន់ ខេត្តបាត់ដំបងបាននិយាយប្រាប់អ្នកយកព័ត៌មានយើងថា ពួកគាត់បានប្រកបមុខរបរដាំផ្កាស្បៃរឿងនៅលើផ្ទៃដីទំហំ ៣០ម×១០០ម គឺដាំបាន១ម៉ឺន៥ពានដើមលើទំហំដីខាងលើនេះ ដោយយកគ្រាប់ពូជជា២ប្រភេទ គឺគ្រាន់ពូជមកពីថៃ និង គ្រប់ពូជនៅខ្មែរ។
លោកបានរៀបរាប់ថា ការដាំដើមផ្កាស្បៃរឿងនេះលោកមិនបានទៅរៀនបច្ចេកទេ ពីណាមកទេ គឺគិតធ្វើដោយខ្លួនឯង ដំបូងលោកបានចំណាយលុយទិញទុយោជ័រយកមកកប់ក្នុងដីតាមជ្រលងមានក្បាលសម្រាប់ស្រោចនិងថ្លៃគ្រាប់ពូជផងគិតជាលុយអស់ជាង២លានរៀល។
លោកបានបន្តថា ក្រោយពីយកគ្រាប់ពូជមកសាបដុះបានជាកូនហើយ គឺដកយកមកដាំជាជួរតាមគន្លងយើងរៀបរួចជាស្រេច ដោយថែទាំផ្កា អស់រយ:ពេល៦០ថ្ងៃទើបប្រមូលផលបានសម្រាប់ផ្កាពូជថៃ ឯផ្កាគ្រាប់ពូជខ្មែរប្រហែល១០៥ថ្ងៃទើបឲ្យផលបាន។
ពេលប្រមូលផលគឺធ្វើឡើងដោយកាត់ទងផ្កាដែលគ្រប់អាយុហើយលក់ឲ្យគេនៅទីផ្សារ១គីឡូក្រាម៥ពាន់រៀលក្នុង១ថ្ងៃអាចកាត់បាន១៥គីឡូក្រាម។ ទន្ទឹមនឹងការប្រមូលផលកាត់ផ្កាលក់ហើយ យើងក៏បានចំណូលពីការចូលទស្សនារបស់ភ្ញៀវទេសចរណ៍ខ្មែរយើងចូលថតរូបលេងក្នុងម្នាក់គេឲ្យដោយស្ម័ឡ្រចិត្ត១ពាន់ទៅ២ពាន់រៀលតាមដែលភ្ញៀវឲ្យ បើគិតជាមធ្យមមានមនុស្សមកចូលលេងប្រហែល៧០នាក់ក្នុង១ថ្ងៃដែរ។
លោកបានប្រាប់បន្ថែមទៀតថា បើគិតប្រាក់ចំណូលបានជាង២លានរៀលក្នុង១ខែ ហើយធ្វើឲ្យគាត់មានជីវភាពប្រចាំថ្ងៃធូធារសមរម្យផងដែរ។ តទៅអនាគត់គាត់មានគម្រោងកែច្នៃកន្លែងដាំផ្កាចែកជា២ ១កន្លែងសម្រាប់ដាំយកផ្កាលក់ ១កន្លែងទៀតដាំសម្រាប់ទទួលភ្ញៀវទេសចរណ៍ចូលមកទស្សនានិងថតរូបលេងទុកជាអនុស្សាវរីយ៍ផង ទីតាំងដីផ្កានេះមានអំណោយដោយនៅជាប់ជើងភ្នំសំពៅ ដែលធ្វើឲ្យភ្ញៀវទេសចរណ៍ចូលចិត្តថតរូបរួមនឹងការតុបតែង ឲ្យមានសោភ័ណភាពកាន់តែល្អជាងមុនដើម្បីទាក់ទាញភ្ញៀវទេចរណ៍មកទស្សនាកាន់តែច្រើនឡើង ហើយប្រាក់ចំណូលក៏មានការកើនឡើងផងដែរ។ (មានវីឌីអូរ)