រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបសម្ដែងការគួរសម និងទទួលអំណោយពីស្ថានទូតព្រះរាជាណាចក្រថៃ ដើម្បីផ្ដល់ដល់ពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃនៅតាមមណ្ឌលចត្តាឡីស័ក ក្នុងខេត្តបាត់ដំបង

  • 557
  • ដោយ Admin

នៅរសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងឲ្យរដ្ឋបាលខេត្តបានអញ្ជើញទទួលជួបសម្ដែងការគួរសមលោក Jirawuth Suwanna ARJ ទីប្រឹក្សារដ្ឋមន្រ្ដី(ពាណិជ្ជកម្ម) និងជាសមាសភាពគណៈប្រតិភូស្ថានទូតនៃព្រះរាជាណាចក្រថៃ និងជាអ្នកតំណាងវិស័យឯកជនទាំងមូល ដែលបានអញ្ជើញមកទស្សនកិច្ចមកកាន់ខេត្តបាត់ដំបង និងបាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន សរុបជាទឹកប្រាក់ជិត៧,០០០ដុល្លាសហរដ្ឋអាមេរិច ដើម្បីផ្ដល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការចែកជូនពលករចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌលចត្តាឡីស័ក និងគោលបំណងទស្សនៈនេះក៏ដើម្បីពិភាក្សាការងារអំពីការអភិវឌ្ឍក្នុងពេលបច្ចុប្បន្ន នៃនិន្នការសេដ្ឋកិច្ចពាណិជ្ជកម្ម នៃការវិនិយោគនៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ដោយសារប៉ុន្មានខែចុងក្រោយនេះប្រទេសថៃមានការផ្ទុះការរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរ ជាពិសេសគឺការផ្ទុះនូវជំងឺកូវីដ-១៩ ប្រភេទDeltaក៏កាន់តែច្រើនឡើង ហើយចំណែកពលករចំណាកស្រុក ដែលទៅធ្វើការនៅប្រទេសថៃ ក៏នាំគ្នាសម្រុកត្រឡប់ចូលមកស្រុកកំណើតវិញ តាមរយៈច្រកទ្វារព្រំដែនកម្ពុជាថៃ ក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគណៈប្រតិភូ ដោយមានគណៈប្រតិភូនៃស្ថានទូតនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូនៃក្រុមហ៊ុនវិស័យឯកជនប្រទេសថៃមួយចំនួន ដែលធ្វើការវិនិយោគនៅប្រទេសកម្ពុជា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបង ដែលនេះបង្ហាញអំពីសាមគ្គីភាពគ្នារវាងប្រទេសជិតខាង ដោយមិនមានការរើសអើងពូជសាសន៍ ជនជាតិអ្វីឡើយ ពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេលដែលប្រទេសជិតខាងទាំង២ ជាប់ភូមិផងរបងជាមួយគ្នាកំពុងតែមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមិនទាន់មានការធូរស្បើយនៅឡើយ ហើយអំណោយទាំងនេះ រដ្ឋបាលខេត្តនឹងធ្វើការរៀបចំចាត់ចែងបន្តក្នុងការចែកជូនពលករដែលកំពុងចត្តាឡីស័កនៅក្នុងខេត្តបាត់ដំបងបន្តទៀតផងដែរ ៕

អត្ថបទទាក់ទង