ព្រឹកថ្ងៃពុធ ១៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានកំណាត់ផ្លូវបេតុង ១៦១៥ ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានវត្តចូលរួម ពីឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង លោក លោកស្រី ប្រធាន មន្ទីរ ក្នុងខេត្ត ព្រមទាំងវត្តមានលោក ឧកញ៉ា ណុប ណារា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសហការី ។ ការបើកការដ្ឋានកំណត់ផ្លូវ១៦១៥ ក្រាលបេតុង ក្រាលគ្រួសក្រហម និងចាក់បេទីម នេះមានប្រវែង ៣០០០ ម៉ែត្រ ដែលមានទទឹង ១១ ម៉ែត្រ ស្ថិតក្នុងភូមិចំការសំរោង សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុមហ៊ុន លោកឧកញ៉ា ណុប ណារា និងលោកជំទាវ លោកឧកញ៉ា មិន លីហួរ , លោក ហេង ឃាង,លោក ឃុន ងួន ដែលបានរួមសហការគ្នា ដើម្បីអភិវឌ្ឍន៍ ដីតំបន់នេះ ឲ្យក្លាយទៅជាទីក្រុងរណបមួយក្នុងខេត្តបាត់ដំបង ។ ក្នុងនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោកឧកញ៉ា និងលោកជំទាវ បានចែកអំណោយ ជាស្បៀង មានអង្ករ ២៥ គក មី១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី និងទឹកស៊ីអ៊ីវ២យួរ ដល់បងប្អូនប្រជាពលរដ្ឋដែលមានការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅក្នុងមួយគ្រួសារ សរុប ៤០គ្រួសារ ដែលជាអំណោយរបស់លោកឧកញ៉ា និងក្រុមគ្រួសារ ។