រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ បន្តចុះពិនិត្យភូមិសាស្ត្រព្រំប្រទល់នៅចំណុចស្រុករុក្ខគីរី ខេត្តបាត់ដំបង រវាងស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ដើម្បីពង្រឹង ការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យភូមិសាស្ត្រព្រំប្រទល់នៅចំណុចស្រុករុក្ខគីរី ខេត្តបាត់ដំបង  រវាងស្រុកតាលោសែនជ័យ ខេត្តពោធិសាត់ ដើម្បីពង្រឹងការបិទខ្ទប់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ខេត្តបាត់ដំបងជាបណ្តោះអាសន្ន ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការដ្ឋាននគរបាលខេត្ត លោកស្រី អភិបាលស្រុក និងអាជ្ញាធរមូលដ្ឋានជាច្រើនទៀត។

នៅក្នុងការចុះពិនិត្យក្នុងភូមិសាស្ត្រស្រុករុក្ខគីរីនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវចាប់បញ្ជូនដោយមិនលើកលែងទៀតហើយ ចំពោះអ្នកបំពានបម្រាមការឆ្លងចេញចូលព្រំប្រទល់ លួចចូលទឹកដីខេត្តបាត់ដំបង ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា អាជ្ញាធរតាមបណ្ដាស្រុកជាប់នឹងខេត្តជិតខាង ត្រូវចាត់កម្លាំងត្រួតពិនិត្យ នៅផ្លូវតូចៗតាមភូមិ ឬនៅចំណុចមុខសញ្ញា តែងតែមានការលួចឆ្លង ដោយមានការបែកចែកគ្នា ប្រចាំនៅតាមផ្លូវទាំងអស់នោះ កុំឲ្យមានការលួចឆ្លងព្រំប្រទល់តទៅទៀត ។

ឯកឧត្តមបានបន្តថា បើរកឃើញនៅតាមមូលដ្ឋាន មានអ្នកទើបលួចឆ្លងព្រំប្រទល់មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា បើពុំមានករណីសង្ស័យពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ១៩ទេ គឺត្រូវបញ្ជូនពួកគេទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដោយមិនត្រូវបណ្ដែតបណ្ដោយបន្តទៀតនោះទេ ព្រោះការលួចឆ្លងព្រំប្រទល់មកបែបនេះ គឺមានហានិភ័យណាស់ ។

ឯកឧត្តម ងួន រតនៈ បានអំពាវនាវដល់ពលរដ្ឋរស់ខេត្តបាត់ដំបង ត្រូវប្រាប់បន្តទៅកូនចៅ សាច់ញាតិរបស់ខ្លួន កុំបន្តលួចឆ្លងព្រំប្រទល់ទៀត ព្រោះបើនៅតែប្រព្រឹត្ត អាជ្ញាធរខេត្តនឹងចាត់វិធានការតាមនីតិវិធីច្បាប់ ដោយអាជ្ញាធរធ្វើបែបនេះ ដើម្បីកុំឲ្យជំងឺកូវីដ១៩ ឆ្លងកាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា  ។

លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរី លើកឡើងថា ក្នុងភូមិសាស្ត្រស្រុកនេះ នៅចំណុចខ្លះ មានសកម្មភាពពលរដ្ឋមួយចំនួន ធ្វើដំណើរមកពីខេត្តពោធិ៍សាត់ ដែលស្គាល់ផ្លូវតាមភូមិ ឬតាមវាលស្រែតែងលួចឆ្លងព្រំប្រទល់មក ដោយអាជ្ញាធរមិនបានដឹង ហើយព្រំប្រទល់ស្រុករុក្ខគិរី និងខេត្តពោធិ៍សាត់នេះ ក្រៅពីមានផ្លូវធំៗជាប់គ្នា ក៏មានផ្លូវតូចៗតាមភូមិ និងតាមវាលស្រែជាប់គ្នាជាច្រើនខ្សែផងដែរ ។

សូមជម្រាបជូនដែរថា បន្ទាប់ពីមានបញ្ជារបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការបិទមិនឲ្យឆ្លងព្រំប្រទល់ខេត្ត ក្រៅពីករណីលើកលែង អាជ្ញាធរខេត្តបានរកឃើញពលរដ្ឋរស់នៅខេត្តបាត់ដំបង បានលួចឆ្លងព្រំប្រទល់មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា មានចំនួនជាង ១០០នាក់ បច្ចុប្បន្នពួកគេទាំងអស់នោះ ត្រូវបានយកសំណាក និងនាំទៅធ្វើចត្តាឡីស័ក ៕

អត្ថបទទាក់ទង