រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ និងលោកជំទាវ អញ្ជើញសំណេះសំណាលជាវរសេនាតូចលេខ៣១០ និង៨២៣ ស្រុកសំឡូត ខេត្តបាត់ដំបង

  • 851
  • ដោយ Admin

នៅព្រឹកថ្ងៃអង្គារ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ អញ្ជើញសំណេះសំណាលកងកម្លាំងវរសេនាតូចលេខ៣១០ ៨២៣ នៅស្រុកសំឡូត ខេត្តបាត់ដំបង ។ នៅក្នុងពិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោក អភិបាលរង នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។

នៅក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ជំរុញកម្លាំងប្រចាំព្រំប្រទល់ខេត្តពង្រឹងការត្រួតពិនិត្យខណៈបន្តរកឃើញអ្នកមកពីតំបន់ប្រឈម ព្រោះអាជ្ញាធរបានររកឃើញជាបន្តបន្ទាប់ អ្នកលេចធ្លាយចេញមកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ដែលបង្កឲ្យមានការព្រួយបារម្ភ ពីបញ្ហាការឆ្លងរាលដាលកាន់តែខ្លាំង នៃជំងឺកូវីដ១៩ ។

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តបានសម្រេចបន្តបិទការចេញចូលខេត្តបន្ថែមទៀត រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។

ឯកឧត្តមបានបន្តថា ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តនៅមានការព្រួយបារម្ភ ព្រោះមានពលរដ្ឋមួយចំនួនតូច មិនបានចូលរួមជាមួយរាជរដ្ឋាភិបាល ដោយសារពួកគាត់ជាអ្នកមិនស្ថិតក្នុងករណីលើកលែង នៅតែបន្តឆ្លងព្រំប្រទល់មកពីរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ចូលខេត្តបាត់ដំបង ក្នុងកំឡុងពេលបម្រាមគោចរ ខណៈអាជ្ញាធរខេត្តបានរកឃើញជាបន្តបន្ទាប់ និងត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក ។

ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ បានជំរុញបន្ថែមដល់កងកម្លាំងការពារព្រំដែន ត្រូវបន្តរឹតបន្តឹងការឆ្លងដែនរបស់ពលករ មកពីប្រទេសថៃ ត្រូវធ្វើការពិនិត្យឲ្យច្បាស់លាស់ ប្រគល់ពួកគេទៅមន្ត្រីសុខាភិបាល ដើម្បីពិនិត្យសុខភាព និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ព្រោះឥឡូវនៅខេត្តបាត់ដំបង មានពលករម្នាក់ទើបត្រឡប់ពីថៃ វិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។

ឯកឧត្តមបានបញ្ជាក់ថា សមត្ថកិច្ចព្រំដែន ក៏ត្រូវបន្តទប់ស្កាត់ផងដែរ នូវការលួចនាំពលករឆ្លងដែនខុសច្បាប់ ពីសំណាក់ពួកមេខ្យល់ កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ ខណៈរាជរដ្ឋាភិបាល រួមទាំងអាជ្ញាធររាជធានី និងគ្រប់ខេត្ត កំពុងរួមគ្នាទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង នៃជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា ៕

អត្ថបទទាក់ទង