រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង អញ្ជើញចុះសំណេះសំណាលកងកម្លាំងវរការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី នៅស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបង

  • 1.1ពាន់
  • ដោយ Admin

នៅរសៀលថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសំណេះសំណាលកងកម្លាំងវរការពារព្រំដែនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណី នៅស្រុកសំពៅលូន និងស្រុកកំរៀង ក្នុងខេត្តបាត់ដំបង។

នៅក្នុងដំណើរចុះការចាក់នោះក៏មានការអញ្ជើញចូលរួមអមដំណើរពី លោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព និងមន្ត្រីសំខាន់ៗមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានបង្ហាញនូវការព្រួយបារម្ភ ពីបញ្ហាមានប្រជាពលរដ្ឋមួយចំនួនបានលួចឆ្លងព្រំប្រទល់ខេត្ត តាមផ្លូវតូចៗក្នុងភូមិ មិនគោរពតាមបទបញ្ជា និងចូលរួមអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាល បានគេចវេះការត្រួតពិនិត្យរបស់សមត្ថកិច្ច តាមផ្លូវជាតិជាតិ និងផ្លូវធំៗ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា នារយៈពេលប៉ុន្មានថ្ងៃនេះ មានករណីពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង មកពីរាជធានីភ្នំពេញតាមម៉ូតូ ប៉ុន្តែមិនធ្វើដំណើរតាមផ្លូវជាតិនោះទេ គឺធ្វើតាមផ្លូវតូចៗ ឬតាមវាលស្រែ ជាទីតាំងដែលគ្មានសមត្ថកិច្ចឈរជើងប្រចាំការត្រួតពិនិត្យ ។

ឯកឧត្តមបានបន្តថា បញ្ហានេះធ្វើឲ្យមានការព្រួយបារម្ភខ្លាចមានការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ព្រោះខ្លាចពួកគាត់មកពីតំបន់នៃការផ្ទុះជំងឺនេះ ហើយមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ ដូចនេះសូមជំរុញដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចពិនិត្យឲ្យបានច្បាស់លាស់ ហើយនិងរាយការណ៍ឲ្យបានឆាប់រហ័ស បើសិនមានករណីបែបនេះកើតឡើងទៀត ។

ឯកឧត្តម បានបន្ថែមថា មួយវិញទៀត បញ្ហាការឆ្លងដែនរបស់ពលរដ្ឋមកពីប្រទេសថៃ សមត្ថកិច្ចការពារព្រំដែន ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះនារយៈពេលចុងក្រោយនេះ នៅប្រទេសថៃកំពុងមានការឆ្លងរាលដាលច្រើននៃ ជំងឺកូវី១៩ ក្នុងសហគមន៍ ខណៈនៅកម្ពុជាក៏មានការឆ្លងច្រើនករណីដែរនោះ ។

ឯកឧត្តម ងួន រតនៈ បានសង្កត់ធ្ងន់ថា ទោះបីការឆ្លងដែនរបស់ពលករមកពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង មានការថយចុះ ហើយពុំទាន់រកឃើញករណីថ្មី នៃពលករ ឬពលរដ្ឋរស់នៅក្នុងខេត្តឆ្លងជំងឺកូវីដ១៩ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្ន ត្រួតពិនិត្យឲ្យបានច្បាស់លាស់ពីដំណើរឆ្លងដែនរបស់ពួកគេ ពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ មិនត្រូវឲ្យមានអ្នកណាម្នាក់គេចវេះពីការធ្វើចត្តាឡីស័កជាដាច់ខាត ។

បើគិតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងអ្នកមកពីរាជធានី និងបណ្ដាខេត្តប្រឈម មករស់នៅក្នុងខេត្តបាត់ដំបង មានប្រមាណជិត ៧០០នាក់ ដោយពួកគេត្រូវបានយកសំណាកទាំងអស់ និងបានរកឃើញវិជ្ជមានកូវីដ១៩ម្នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយហើយ ៕

អត្ថបទទាក់ទង