នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យប៉ុស្តិ៍ប្រចាំការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការផ្អាកធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ។ ដែលមានការចូលរួមអមដំណើរដោយលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត អស់លោកប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធមួយទៀត ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើការអំពាវនាវ ទៅប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជូន នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការផ្អាកធ្វើដំណើរឆ្លងខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ។ហើយសមត្ថកិច្ចប្រចាំគោលដៅនីមួយៗ ត្រូវអនុវត្តឲ្យបាននូវបញ្ជារបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការធ្វើដំណើរឆ្លងខេត្ត ដោយពិនិត្យឲ្យបានច្បាស់លាស់ ពីយានយន្តឆ្លងកាត់ មិនត្រូវលើកលែងចំពោះការធ្វើដំណើរណាទាំងអស់ ក្រៅតែពីករណីលើកលែង ។
ឯកឧត្តមបានបន្តថា សម្រាប់ប្រជាពលរដ្ឋវិញ ត្រូវចូលរួមទាំងអស់គ្នា លើបំរាមគោចរនេះ ដោយមិនបង្កផលវិបាកដល់សមត្ថកិច្ចត្រួតពិនិត្យគោលដៅ សូមការយោគយល់ ព្រោះគោលបំណងរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធការបិទព្រំប្រទល់ខេត្តនីមួយៗមិនឲ្យចេញចូលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ពលរដ្ឋ ។
សមត្ថកិច្ចប្រចាំគោលដៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ស្រុកបាកាន ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ទាក់ទងបម្រាមគោចរ គឺពលរដ្ឋបានយល់ដឹងច្រើន ខណៈយានយន្តអាចឆ្លងកាត់បាន សុទ្ធតែស្ថិតក្នុងករណីលើកលែង និងមានឯកសារបញ្ជាក់ច្បាស់លាស់ ពីបេសកកម្មការងាររបស់ពួកគេ ។
គួរបញ្ជាក់ថា ក្នុងវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ បានចេញនូវបម្រាមមួយ មិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលឆ្លងព្រំប្រទលខេត្ត លើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបម្រាមនេះ គឺចាប់ផ្ដើមអនុវត្តពីថ្ងៃទី៧ ទៅដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ៕