នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការស្តារប្រព័ន្ធធារាសាស្ត្រ ប្រឡាយមេ នៅភូមិអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅដំណើរការចុះពិនិត្យនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ការស្តារប្រឡាយអូរតាគីនាពេលនេះ គឺជាប្រវត្តិសាស្ត្រមួយសម្រាប់អ្នកស្រុកថ្មគោល ព្រោះយូរឆ្នាំណាស់មកហេីយ ពុំដែលបានស្តារប្រឡាយនេះទេ ឃេីញតែតួប្រឡាយដែលគោករាក់ ហើយនៅពេលយើងធ្វើការស្តារប្រឡាយនេះត្រូវបានបញ្ចប់នឹងក្លាយជាអាងស្តុកទឹកមួយដ៏ធំសម្រាប់រក្សាទឹកទុកជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់ និងបង្កបង្កេីនផល ជាពិសេសជាប្រឡាយមេរំដោះទឹកពេលមានជំនន់ ផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា ស្តារប្រឡាយនេះ អាចចៀសវាងបាននូវការរំលោភបំពានពីជនខិលខូចដែលចង់យកដីប្រឡាយធ្វេីជាកម្មសិទ្ធិ និងអាចកែប្រែទីតាំងនេះទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលទៅថ្ងៃអនាគត ៕