រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តមអភិបាលខេត្តបាត់ដំបងចូលរួមជាអធិបតីភាពយុទ្ធនាការពាក់មួកសុវត្តិភាព ដើម្បីពង្រឹងសុវត្តិភាពចរាចរណ៍ផ្លូវគោក

  • 1.2ពាន់
  • ដោយ Sotheavy

នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ ក្រសួងសាធារណការ និងដឹកជញ្ជូនបើកយុទ្ធនាការពាក់មួកសុវត្តិភាពដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកនៅខេត្តបាត់ដំបងក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង នៅចំណុចទីលានមុខសាលាខេត្ត និងបំពាក់មួកសុវត្តិភាពជូនយុវជនមួយចំនួន រួចដង្ហែរក្បួនយុទ្ធនាការជុំវិញក្រុងផងដែរ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំង យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងប្រជាពលរដ្ឋចូលរួមផងដែរ។

បន្ទាប់ពីមតិស្វាគមន៍និងអានរបាយការណ៍សង្ខេបរបស់លោក ចាន់ សំបូរ ប្រធានសាធារណ:ការនិងដឹកជញ្ជូនខេត្តដោយបានបញ្ជាក់ពីសកម្មភាពការងាររបស់មន្ទីរជំនាញរួចមក។

ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្រ្តីមន្ទីរជំនាញដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ហើយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តនិងមន្ទីរពាក់ព័ន្ធបានល្អ។

ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗយុវជន និងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ថា យើងត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំដើម្បីបញ្ជៀសនិងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវពាក់មួកសុវត្តិភាពឲ្យបានគ្រប់គ្នាចំពោះអ្នកជិះម៉ូតូនិងបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ មិនត្រូវផឹកគ្រឿងស្រវឹងនៅពេលបើកបរឡើយ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកទឹកចិត្តនិងធ្វើការសរសើរខ្ពស់ដល់មន្រ្តីមន្ទីរជំនាញទាំងអស់តែងតែធ្វើការងារបានល្អកន្លងមកនិងសហការល្អជាមួយមន្ទីរពាក់ព័ន្ធក៏ដូចជារដ្ឋបាលខេត្តផងដែរ។

លោកជំទាវ បានប្រាប់ទៅក្មួយៗទាំងអស់នាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ គោរពច្បាប់ចរាចរណ៍ស្មើរនិងគោរពការពារអាយុជីវិតខ្លួនឯង។

លោកជំទាវក៏បានបានបញ្ជាក់ថា ប្រទេសកម្ពុជាយើងពីមុនប្រជាពលរដ្ឋបានស្លាប់ដោយសារគ្រាប់មីននិងជម្ងឺផ្សេងៗ តែបច្ចុប្បន្នមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍បានឈាមុខគេ គឺស្លាប់ជារៀងរាល់ថ្ងៃ ហេតុនេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់បំផុត ដោយឲ្យក្រសួងសាធារណ:ការនិងដឹកជញ្ជូនជាក្រសួងជំនាញធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដោយបើកទូលាយជាប្រចាំ និងតាមរយ:ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីឲ្យប្រជាពលរដ្ឋទូទៅមានការប្រុងប្រយ័ត្ន ការពារអាយុជីវិតខ្លួនឯងក៏ដូចជាការពារអាយុជីវិតអ្នកដ៏ទៃផងដែរ។ បន្ទាប់មកគណ:អធិបតីបានធ្វើការចែកមួកសុវត្តិភាពជូនយុជនចូលរួមមួយចំនួន និងនាំគ្នាជិះម៉ូតូដង្ហែរក្បួនបើកយុទ្ធនាការពាក់មួកសុវត្តិភាពដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកជុំវិញក្រុងទាំងអស់គ្នាផងដែរ។

អត្ថបទទាក់ទង