នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញសំណេះសំណាលជាមួយប្រជាកសិករដែលកំពុងប្រមូលផលផ្លែស្វាយយកទៅលក់ នៅក្នងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព អជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។
ឆ្លៀតក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានសាកសួរបងប្អូនប្រជាកសិករ ដែលម៉ៅផ្លែស្វាយនៅចំការ បានប្រាប់ឱ្យដឹងថា ចំពោះផ្លែស្វាយដែលមិនត្រូវប៉ាន់ព័ណ៌ខៀវៗ គឺមានតម្លៃថោក ប៉ុន្តែប្រសិនផ្លែស្វាយ ដែលពួកគាត់កំពុងធ្វើការប្រមូលផលរៀបចំដាក់ឡាននេះ គឺមានតម្លៃថ្លៃសមរម្យ ដោយក្នុងមួយ ១តោន តម្លៃ ៨ពាន់បាត បើគិតជាប្រាក់រៀល ប្រមាណជាង ១លានផងដែរ។
គូសបញ្ជាក់ផងដែរថា តម្លៃស្វាយដែលបងប្អូនប្រជាកសិករ ក៏ដូចអ្នកទទួលម៉ៅផ្លៃស្វាយតាមចំការ ដែលកំពុងធ្វើការប្រមូលផលនេះ គឺនាំចេញទៅប្រទេសថៃ ដោយក្នុង ១គីឡូក្រាម ប្រមាណ ៨បាត បើគិតលុយខ្មែរប្រមាណជាង ១ពាន់រៀល៕