រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ទំនប់ស្ទាក់ទឹកនៅស្រុកជាយដែនដំបូងគេបង្អស់ ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង

  • 2.0ពាន់
  • ដោយ Admin

នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី  ដែលស្ថិតនៅភូមិម្នាស់កាល ឃុំអូរដា និងភូមិកំពុងចម្លងក្រោម ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត តំណាងក្រសួងធនធានទឹក និងឧតុនិយម លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធសំខាន់ៗ មួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ ក៏មានប្រសាសន៍ឱ្យដឹងផងដែរ គម្រោងមួយនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្តីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនារដូវប្រាំង ហើយក៏លើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះឡើង នៅក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ដែលតែងតែណែនាំចង្អុលបង្ហាញនឹងតម្រង់ទិសដល់រដ្ឋបាលខេត្តបាត់ដំបងផងដែរ។

ឯកឧត្តម ងួន រតនៈ បន្តទៀតថា ចំពោះខេត្តបាត់ដំបង នៅក្នុងអាណត្តិទី៦ នេះមិនមែនមានតែទំនប់ស្ទាក់ទឹកមួយនេះប៉ុណ្ណោះទេ គឺមានទំនប់ស្ទាក់ជាច្រើនទៀត ដែលយើងបានសាងសង់រួច និងកំពុងសាងសង់រួមមាន ទំនប់ស្ទាក់ទឹកពហុបំណងសេកសក ស្រុករតនមណ្ឌល ទំនប់ស្ទាក់ទឹកកង្ហត ស្រុកបាណន់ ដោយបានធ្វើសាងសង់ចប់ជាស្ថាពរ ដោយឡែកទំនប់ស្ទាក់ទឹកកំពុងដំណើរការសាងសង់រួមមានទំនប់ស្ទាក់ទឹកដូនទ្រី ស្រុករុក្ខគីរី និងទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ និងទំនប់ស្ទាក់ទឹកសណ្តរ ដែលយើងកំពុងធ្វើការបើកដ្ឋាននាឱកាសនេះផងដែរ។

សូមជម្រាជូនផងដែរថា គម្រោងសាងសង់ទំនប់សណ្តរ និងសំណង់ស្ទាក់ទឹកលើស្ទឹងមង្គលបូរី ជាគម្រោងមួយដែលស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់នឹងព្រំដែនប្រទេសថៃមុនគេបង្អស់ ដែលគ្រោងនឹងសាងសាង់បញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណ ២០០០ ហិចតា៕

អត្ថបទទាក់ទង