រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រតិភូសហភាពអឺរ៉ុប នៅសាលាខេត្តបាត់ដំបង

  • 545
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញទទួលជួបប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តបាត់ដំបង ជាមួយប្រតិភូសហភាពអឺរ៉ុប ដែលដឹកនាំដោយលោក Tihamer Czika អនុប្រធានបេសកកម្មនៃប្រតិភូសងភាពអឺរ៉ុប ដែលមានការអញ្ជើញចូលរួមដោយលោកអភិបាលរងខេត្តបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរជំនាញដែលពាក់ព័ន្ធ និងមន្រ្ដីរាជការសាលាខេត្តមួយចំនួនផងដែរ នៅសាលប្រជុំB2 សាលាខេត្តបាត់ដំបង ។

គោលបំណងនៃកិច្ចប្រជុំក្នុងដំណើរបេសកកម្មរបស់ប្រតិភូសហភាពអឺរ៉ុបនេះ គឺដើម្បីទទួលបានព័ត៌មានពីផលប៉ះពាល់នៃទឹកជំនន់ យុទ្ធសាស្រ្ដរបស់ខេត្តដើម្បីអនុវត្តកំណែទម្រង់វិមជ្ឈការ និងដើម្បីដឹងពីការយល់ឃើញរបស់ឯកឧត្តមងួន រតនៈ ចំពោះផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់ភូមិសាស្រ្ដខេត្តបាត់ដំបងជាប់នឹងខេត្តនៃប្រទេសថៃចំនួន០៣ ហើយស្របពេលដែលបច្ចុប្បន្ននេះ នៅក្នុងប្រទេសថៃកំពុងតែជួបប្រទះនូវបញ្ហាឆ្លងកូវីដ-១៩ក្នុងសហគមន៍ ស្របពេលជាមួយគ្នានោះពលករចំណាកស្រុកពីប្រទេសថៃក៏ត្រឡប់ចូលប្រទេសកាន់តែច្រើន ជាពិសេសនៅជិតពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។ ក្នុងនោះរដ្ឋបាលខេត្តបាត់ដំបង បានធ្វើការរៀបចំមណ្ឌលចត្តាឡីស័កចំនួន១០មណ្ឌលនៅក្នុងខេត្ត ហើយពលករដែលត្រឡប់មកពីប្រទេសថៃគឺដាច់ខាតត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃ ។ ឯកឧត្តមបានបន្តថា បញ្ហាប្រឈមចំពោះបញ្ហានេះការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដែលពួកគាត់នៅតែចង់គេចវេសពីការធ្វើចត្តាឡីស័កនេះ ក៏ប៉ុន្តែរដ្ឋបាលខេត្តនៅតែបន្តអប់រំដល់ប្រជាពលរដ្ឋឲ្យចូលរួមជាមួយរដ្ឋាភិបាលឲ្យត្រូវតែធ្វើចត្តាឡីស័ក ស្របពេលដែលរដ្ឋាភិបាលចេញនូវច្បាប់ថ្មីស្ដីពីការផាកពិន័យចំពោះអ្នកដែលគេចវេស ឬមិនចូលរួមក្នុងការធ្វើចត្តាឡីស័កកាន់តែធ្ងន់ធ្ងរជាងមុនផងដែរ ។ ឯកឧត្តមបានបន្តទៀតថា សម្រាប់មណ្ឌលចត្តាឡីស័កគឺយើងបានប្រើប្រាស់ជាសាលារៀនធ្វើជាមណ្ឌល ដូចនេះធ្វើឲ្យប៉ះពាល់ផងដែរ ទៅលើទៅលើសិស្សានុសិស្សមួយចំនួនមិនអាចចូលរៀននៅសាលាបាន និងមួយចំនួនធំទៀត រដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានបានរៀបចំពួកគេឲ្យរៀននៅតាមទីសាធារណៈមួយចំនួនដូចជា ទី១ទីវត្តអារាម ទី២សាលារៀនឯកជននៅតាមព្រំដែនមួយចំនួនបានឲ្យជាបន្ទប់សិក្សាសម្រាប់លោកគ្រូអ្នកគ្រូអាចបង្រៀននៅទីនោះបានរៀនសូត្រ ទី៣ទីធ្លា ឬផ្ទះលោកគ្រូ អ្នកគ្រូដែលមានទីធ្លាធំ អាចឲ្យសិស្សានុសិស្សរៀនបាន និងទី៤ គឺសាលារៀនដែលខូចខាតមិនជាប់ភារកិច្ចធ្វើជាមណ្ដលចត្តាឡីស័ក រដ្ឋបាលខេត្តបានរៀបចំជួសជុលជាបណ្ដោះអាសន្ន ដើម្បីសម្រួលដល់ការឲ្យសិស្សានុសិស្សអាចចូលរៀនផងដែរ៕

អត្ថបទទាក់ទង