នៅថ្ងៃពុធ ៦កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គ
បណ្តុះបណ្តាលស្តីពីការអប់រំភាពជាអ្នកដឹកនាំ លើកទី២ ដល់គ្រូបង្គោលក្រុង-ស្រុកទាំង១៤ក្នុងខេត្ត ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ខែកុម្ភៈនេះ ។ វគ្គបណ្តុះបណ្តាលមានការអញ្ជើញចូលរួមពី លោកអភិបាល អភិបាលរង ក្រុង ស្រុក និងគ្រូបង្គោលថ្នាក់ក្រុងស្រុកទាំង១៤ផងដែរ។
វគ្គបណ្តុះបណ្តានេះធ្វើឡើងគោលបំណងដើម្បីឆ្លុះបញ្ចាំងទៅលើផែនការ ដែលបានដាក់នៅវគ្គទី១ ចេញនិងដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ល្អៗពីក្រុមប្រឹក្សាឃុំសង្កាត់ផ្សេងៗគ្នា។ ២ដើម្បីពង្រឹងនូវសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ-សង្កាត់បន្ថែមដែលទាក់ទងនឹងភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែរីកចម្រើន ជាពិសេស លើវិស័យអនាម័យ។ហើយវគ្គនេះនិងជំរុញឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់នីមួយៗមានគោលដៅនិងផែនការបន្តច្បាស់លាស់ក្នុងការអភិវឌ្ឍន៍សហគមន៍របស់ខ្លួនផងដែរ។
លោក អ៊ុយ សុធាវី បានថ្លែងនូវក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះថា៖ ប្រធានបទក្នុងវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ នៅពេលនេះ គឺពិតជាប្រធានបទដែលថ្នាក់ដឹកនាំគ្រប់កម្រិតគួរយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្របន្ថែម ជាពិសេសមន្ត្រីជាថ្នាក់ដឹកនាំនៅតាមបណ្តារដ្ឋបាលមូលដ្ឋាន ស្រុក-ក្រុង ឃុំ-សង្កាត់ក្នុងខេត្ត។និងជាកត្តាសំខាន់ ដែលរដ្ឋបាលខេត្តចង់បានអ្នកដឹកនាំប្រកបដោយភាពជោគជ័យ គឺជាអ្នកដឹកនាំ ដែលបង្កើតអ្នកដឹកនាំដើម្បីឲ្យមានសមត្ថភាពកាន់តែច្រើនឡើងនៅគ្រប់កម្រិតក្នុងខេត្តរបស់ខ្លួន។
លោក អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានគូសបញ្ជាក់ជូនដល់សិក្ខាកាមក្នុងវគ្គទាំងអស់ថា៖ វគ្គបណ្តុះបណ្តាលនូវគ្រូបង្គោលដល់រដ្ឋបាលក្រុង ស្រុក រយៈពេល៣ថ្ងៃនេះ និងផ្តោតនូវគោលបំណងសំខាន់ៗមួយចំនួន ដើម្បីផ្តល់នូវជំនាញដល់គ្រូបង្គោលនៅថ្នាក់ខេត្ត ក្រុង-ស្រុក ដែលអាចធ្វើការបណ្តុះបណ្តាលដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុង ស្រុកសាម៉ីរបស់ខ្លួន។និងដើម្បីត្រៀមលក្ខណៈរៀបចំត្រួតពិនិត្យនូវទិន្នន័យនិងដើម្បីរៀបចំធ្វើការប្រកួតប្រជែងជ្រើសរលសក្រុមប្រឹក្សាឃុំ-សង្កាត់ជ័យលាភីក្នុងក្រុង-ស្រុក សាម៉ី។
លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលមកពី ក្រុង-ស្រុកទាំង១៤របស់ខេត្តបាត់ដំបងនិងបានសម្តែងនូវការកោតសរសើរដល់ក្រុមការងារ របស់ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងគ្រូបង្គោលថ្នាក់ជាតិទាំងអស់ និង អង្គការវ័តធឺសេតដែលជាដៃគូក្នុងកិច្ចសហការរៀបចំឲ្យមានវគ្គនេះនិងក្រសួងទាំង២ ខាងលើ ដែលបានលះបង់ នូវពេលវេលាមមាញឹករបស់ខ្លួន ក្នុងការចូលរួមក្នុងវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់មួយនេះ និងផ្តោតនូវការរំពឹងទុកថា៖ សិក្ខាកាមទាំងអស់ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអប់រំភាពជាអ្នកដឹកនាំលើកទី២នេះ និងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពីវគ្គបណ្តុះបណ្តាលមួយនេះ៕