រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង

  • 1.0ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបន្ទាន់ស្តីពីការទប់ស្កាត់ការគេចវេសធ្វើចត្តាឡីស័ករបស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត ឯកឧត្តមមេបញ្ជាការរងយោធិភូមិទី៥ ប្រចាំទិសទី២ ឯកឧត្តស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងពលតូចលេខ ៥៣ អាជ្ញាធរស្រុក កម្លាំងចម្រុះ និងអ្នកពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។

ឯកឧត្ត ងួន រតនៈ អភិបាល នៃគអភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែងចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី ។

ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់កុំឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការមួយចំនួនភ្លាមៗ ក្នុងនោះការរឹតបន្តឹងតាមចាប់ពួកមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសម្លេងរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម ។

ឯកឧត្តម ងួន រតនៈ បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរឿនបងប្អូនប្រជាពលរដ្ឋមូលដ្ឋាន ដោយធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋនៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ  ដែលរស់នៅស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិតថាខ្លួនរស់នៅជាប់ព្រំដែន គេចវេសមិនធ្វើចត្តាឡីស័ក និងមួយទៀត អាជ្ញាធរខេត្ត នឹងជួបអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើភាគីថៃ ឲ្យរថយន្តដឹកពលករ មកតាមច្រកតែមួយ ស្រួលក្នុងការគ្រប់គ្រង ។ ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា នឹងមិនលើកលែងឲ្យបុគ្គលណាម្នាក់ដែលពាក់ព័ន្ធឃុបឃិតជាមួយអធិការស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក ។

នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បន្ទាប់ពីរកឃើញកំហុសរបស់លោក គឹម ពន្លក ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែងមេខ្យល់ដោយចិត្តឯង ដែលនាំពលករគេចវេសពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ននូវអធិការស្រុកកំរៀងរូបនេះ ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គឺមានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៦០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត ៕

អត្ថបទទាក់ទង