រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ខេង សាម៉េត ចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើតពលករមកពីថៃកើនឡើង នៅស្រុកកំរៀង ខេត្តបាត់ដំបង

  • 2.5ពាន់
  • ដោយ Sotheavy

នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ដមដំណើរដោយ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំមណ្ឌលចត្តាឡីស័កបន្ថែម ខណៈកំណើតពលករមកពីថៃកើនឡើង នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកមុខអ្នកការ អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួន។

ឯកឧត្តម ងួន រតនៈ បានជំរុញអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ត្រូវរៀបចំកន្លែងធ្វើចត្តាឡីស័កបន្ថែមនេះឲ្យបានល្អ មានទាំងកន្លែងសម្រាក់ បង្គន់អនាម័យ និងកន្លែងចំអិនអាហារជាដើម ឲ្យបានសមស្រប ពិសេសឲ្យពួកគាត់ អនុវត្តនូវវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

ជាមួយគ្នានោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានណែនាំដល់សមត្ថកិច្ចការពារព្រំដែនទាំងអស់ត្រូវសហការជាមួយមន្ត្រីសុខាភិបាល បន្តរឹងបន្តឹងក្នុងការពិនិត្យទប់ស្កាត់កុំឲ្យពលករណាម្នាក់ អាចគេចវេសពីការពិនិត្យសុខភាព ការយកសំណាក និងការធ្វើចត្តាឡីស័ក គឺមិនអាចលើកលែងក្នុងករណីអ្នកណាម្នាក់បាននោះទេ ។

លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានឲ្យដឹងថា ពលករឆ្លងដែនពីប្រទេសថៃតាមច្រកជាប់ស្រុកកំរៀងមានជារៀងរាល់ថ្ងៃ ដោយបច្ចុប្បន្នក្នុងស្រុកមានមណ្ឌលចត្តាឡីស័កចំនួន៣ អាចដាក់ចំណុះពលករបានជាមធ្យម ៦០០នាក់ ខណៈមានអ្នកបញ្ចប់ការធ្វើចត្តាឡីស័កបានចេញជាបណ្ដើរៗ ប៉ុន្តែកំណើនចូលវិញក៏ច្រើន ។

លោកបន្តថា ក្នុងការដោះស្រាយបញ្ហានេះ មានក្រុមហ៊ុនឯកជនមួយ បានសម្បទានដីរបស់ខ្លួនប្រមាណ២ហិកតា ក្នុងស្រុកកំរៀង ជិតព្រំដែនថៃ ដើម្បីរៀបចំជាទីតាំងធ្វើមណ្ឌលចត្តាឡីស័ក ចំពោះពលករដែលទើបប្រឡប់មកពីប្រទេសថៃនេះ ហើយអាជ្ញាធរក៏បានពិនិត្យរួចរាល់ហើយដែរ ។

ក្នុងឱកាសចុះពិនិត្យទីតាំងត្រូវរៀបចំធ្វើមណ្ឌលចត្តាឡីស័ក នៅស្រុកកំរៀង ឯកឧត្តម ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ ប្រចាំទិញភូមិភាគទី៤ និងទី៥ បានមានប្រសាសន៍ថា មណ្ឌលចត្តាឡីស័កត្រៀមថ្មីនេះ គឺសម្រាប់នៅពេលមណ្ឌលចត្តាឡីស័កមានស្រាប់ពេញ ត្រូវបញ្ជូនពលករទើបត្រឡប់មកពីថៃមកកន្លែងថ្មី និងនៅពេលកន្លែងចាស់មានពលករគ្រប់កំណត់១៤ថ្ងៃ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបាន អាចបញ្ជូនពីមណ្ឌលថ្មី ទៅមណ្ឌលចាស់ជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃ ដើមខែកុម្ភៈនេះ ចំនួនពលករឆ្លងដែនពីប្រទេសថៃ ក្នុងអំឡុងមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន បានធ្វើដំណើរតាមច្រកនានាជាប់ខេត្តបាត់ដំបង មានចំនួនលើស ១០០នាក់ និងមានបន្តមកទៀតជាហូរហែរ ៕

អត្ថបទទាក់ទង